កាយនេះតែងរសាប់រសល់ មិនមាំមួន អ្នកណារក្សាកាយនេះដោយការសំគាល់ថា គ្មានរោគ គ្មានទុក្ខសូម្បីមួយរំពេច អ្នកនោះឯងមិនមានអ្វីក្រៅពីសេចក្តីល្ងង់ទេ ! ព្រោះហេតុនេះគេគប្បីសិក្សាយ៉ាងនេះថា កាលបើអាត្មាអញមានកាយរសាប់រសល់(ឈឺពឺតចុកចាប់)ចិត្តរបស់អាត្មាអញនឹងមិនរសាប់រសល់ឡើយ ! (បើកាយមានទុក្ខហើយ មិនគប្បីធ្វើឲ្យចិត្តមានទុក្ខថែមទៀតទេ) អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះចុះ ! ។ វេលាជិតស្លាប់ បើចិត្តភិតភ័យរសាប់រសល់អន្ទះអន្ទែង នោះខ្យល់ដង្ហើមនឹងច្របូកច្របល់ នាំឲ្យទុក្ខវេទនាចំរើនឡើង ទើបព្រះសារីបុត្តផ្តល់ឪវាទដល់លោកអានាថបិណ្ឌកសេដ្ឋីថា ៖ ម្នាលគហបតី ! ចូរអ្នកដកដង្ហើមឲ្យស្រួលចុះ ហើយចូរសិក្សាយ៉ាងនេះថាៈ លោកនេះមិនមែនជារបស់យើងឡើយ ទាំងវិញ្ញាណដែលអាស្រ័យលោកខាងមុខក៏មិនមែនជារបស់ដែរ ! ទេវលោក ព្រហ្មលោក ក៏មិនមែនជារបស់យើង ! ម្នាលគហបតី ចូរអ្នកបង្អោនចិត្តទៅកាន់ព្រះនិព្វានចុះ។ការរស់នៅនេះទោះជាមានការលំបាកយ៉ាងណា តែយើងមានសិទ្ធិជ្រើសយកអារម្មណ៍ល្អបាន នេះជាការយល់ដឹងដ៏ត្រឹមត្រូវរបស់យើង ។ បើជ្រើសយកអារម្មណ៍មិនល្អ យើងបានត្រឹមតែធ្វើបាបខ្លួនឯង នឹងធ្វើបាបមនុស្សដែលខ្លួនស្រឡាញ់តែប៉ុណ្ណោះ បែបនេះគឺខាតធំណាស់ ! ។

