មនុស្សភាគច្រើននៅតែមិនទាន់ដឹងពីខ្លឹមសារពិតនៃការអនុវត្តសមាធិនៅឡើយ ពួកគេគិតថា ការដើរសមាធិ ការអង្គុយសមាធិ និងការស្តាប់ព្រះធម៌ទេសនា គឺជាការអនុវត្ត នោះក៏ជាការពិតដែរ ប៉ុន្តែទាំងនេះគ្រាន់តែជាទម្រង់ខាងក្រៅនៃការអនុវត្តប៉ុណ្ណោះ។ ការអនុវត្តជាក់ស្តែងកើតឡើងនៅពេលដែលចិត្តជួបនឹងអារម្មណ៍គាប់ចិត្តនិងមិនគាប់ចិត្ត តើគេមានប្រតិកម្មបែបណា ? នេះទើបជាកន្លែងដែលត្រូវហ្វឹកហាត់ចិត្តពិតប្រាកដ គឺជាកន្លែងដែលមានការប្រាស្រ័យទាក់ទងនឹងអារម្មណ៍កើតឡើង។ ពេលគេនិយាយអ្វីដែលយើងមិនចូលចិត្តគឺមានការអន់ចិត្ត បើគេនិយាយរឿងដែលយើងចូលចិត្តក៏សប្បាយចិត្ត នេះជាកន្លែងដែលត្រូវហ្វឹកហាត់ ។ តើយើងនឹងអនុវត្តតាមវិធីទាំងនេះដោយរបៀបណា? នេះគឺជាចំណុចសំខាន់។ បើយើងគ្រាន់តែរត់ដេញតាមសេចក្តីសុខហើយចាកចេញពីទុក្ខគ្រប់ពេល យើងអាចប្រតិបត្តិដល់ថ្ងៃស្លាប់ ហើយមិនឃើញព្រះធម៌ពិតឡើយ រឿងនេះគ្មានប្រយោជន៍ទេ។ ពេលសប្បាយ ទុក្ខបានកើតឡើង តើយើងនឹងប្រើធម៌នោះដោយរបៀបណា? នេះគឺជាចំណុចនៃការអនុវត្តព្រះធម៌។ ជាធម្មតានៅពេលដែលមនុស្សជួបរឿងមិនចុះសម្រុងនឹងជីវិត ពួកគេមិនបើកចំហនោះទេ គេបែរជាសំងំគិតពង្រីកបញ្ហា ដូចជានៅពេលដែលគេរិះគន់ឲ្យល្អ ៖ “គេបែរជានិយាយថា កុំមើលងាយខ្ញុំ ឬ កុំរំខានរំខានខ្ញុំ! ហេតុអ្វីបន្ទោសខ្ញុំ? ខ្ញុំខុសអី ? មិនចេះមើលកំហុសខ្លួនឯងទេ ” នេះគឺជាការបិទបាំងបញ្ញា មិនព្រមទទួលភាពរីកចម្រើនពីអ្នកដទៃទៅវិញទេ ! ។

