បុគ្គលគប្បីបានខ្លួនជាមិត្តសម្លាញ់ គឺសតិនិងបញ្ញាជាគ្រឿងរក្សាខ្លួន មានធម៌ជាគ្រឿងតាំងនៅដោយល្អ ជាអ្នកធ្វើដំណើរឆ្លងអន្លុងភពជាមួយគ្នា មានខ្លួនជាទីពឹង គឺពឹងលើសតិបញ្ញាញ៉ាំញីអន្តរាយទាំងពួងដែលរាំងរាដោយកិលេស(ចិត្តអាក្រក់)។ គប្បីមានចិត្តត្រេកអរ មានសតិស្មារតីហ្នឹងន មិនរង្គើដោយលោកធម៌៨ ហើយធ្វើដំណើរជាមួយសម្លាញ់នោះចុះ ! សេចក្តីព្យាយាមនៅក្នុងលោក ស្មើដោយសេចក្តីព្យាយាមរក្សាចិត្តមិនឲ្យគិតខុសមិនមានឡើយ បុគ្គលគប្បីថែរក្សាចិត្តរើខ្លួនឲ្យរួចចេញពីភព ឲ្យដូចជាដំរីរើបម្រះចេញពីភក់ដូច្នោះដែរ ។ ការតាមមើលចិត្តមិនមែនធ្វើលេងៗហើយគិតថាបានរួចខ្លួននោះទេ ព្រោះម៉្ងៃៗពីកើតទៅទល់នឹងថ្ងៃស្លាប់ ចិត្តកើតឡើងគ្មានអ្វីក្រៅពីអកុសលមូលទាំង១២គឺ លោភៈ៨ដួង ទោសៈ២ដួង និងមោហៈ២ដួងនេះទេ ដែលសុទ្ធតែប្រកបដោយទិដ្ឋិ(សោមនស្សឬឧបេក្ខាសហគតំទិដ្ឋិសម្បយុត្តទាំងអស់) ។ ដើម្បីចាត់ការជាមួយវាទាល់តែមានសតិ និង បញ្ញារឺងមាំដែលកើតពីសីល សមាធិ វិបស្សនា បានទៅរួច ។
ជីវិតមនុស្សគ្រាន់តែជារូបធាតុមួយ ដែលធំធាត់និងរសាត់អណ្តែតនៅលើផែនដីដើម្បីរង់ចាំពេលរលាយរូបទៅវិញតែប៉ុណ្ណោះ។ហេតុនេះមិនចាំបាច់ត្រូវខំបំប៉ោងខ្លួនឲ្យហួសមាឌអ្វីពេកនោះទេ គ្រាន់តែរៀនសូត្រពីអ្វីគ្រប់យ៉ាងដែលខ្លួនបានជួប ហើយបង្កើតអ្វីល្អៗឲ្យដល់មនុស្សជំនាន់ក្រោយ ដោយមិនចាំបាច់ខ្វល់ខ្វាយនឹងចង់នាំអ្វីយកទៅតាមខ្លួននោះឡើយ ព្រោះសូម្បីតែសក់មួយសរសៃក៏ផែនដីមិនប្រគល់ឲ្យយើងដែរ មួយតួខ្លួនយើងសុទ្ធតែខ្ចីពីផែនដីយកមកប្រើទាំងអស់ សុទ្ធតែជារបស់ខ្ចីគេ ។តែម្នាក់ៗចង់យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនរហូត មិនត្រឹមតែមិនបានបង់ពន្ធឲ្យផែនដីទេ នៅរមឹលគុណដាក់ផែនដីទៀត !៕

