ហេតុអីនាំគ្នាគិតថា ពុទ្ធសាសនាគឺជាអូតែលសម្រាប់ទទួលមនុស្សខូចចិត្ត ? ខ្លះថា ដូនជីក្រមុំសុទ្ធតែជាមនុស្សមានវិបត្តិស្នេហា ចំណែកលោកសង្ឃសុទ្ធតែជាមនុស្សទាល់ច្រកនៅក្នុងជីវិត ចំណែកខ្លួនគេទើបជាមនុស្សល្អរស់នៅមិនចាំបាច់ត្រូវពឹងសាសនាទេ ! ។ ន័យទីមួយគេអាចគិតត្រូវ ព្រោះដូនជីនិងភិក្ខុសង្ឃដែលបានជួបទុក្ខហើយគឺដូចជាមនុស្សឆេះក្បាល គេចេះរត់រកទឹកពន្លត់ រកត្រូវចំកន្លែងរំដោះទុក្ខបានល្អ គេមិនរំដោះខ្លួនតាមវិធីរួចផុតខុស(មិច្ឆាវិមុត្តិ) ។ ន័យទីពីរគឺគេគិតខុសហើយ គេមិនដឹងថាអ្នកចេះដឹងធំៗនៅក្នុងពិភពលោកនេះ សុទ្ធតែគោរពរាប់អានពុទ្ធសាសនា ព្រោះបេះដូងពុទ្ធសាសនាមនុស្សល្ងង់មិនងាយយល់បាននោះទេ ព្រោះគេជាប់ប្រកាន់ថា ខ្លួនគេជារបស់ខ្លួន ខ្លួននៅក្រោមអំណាចខ្លួន ដែលតាមពិតវាជាគ្រឿងផ្សំឡើងពីហេតុបច្ច័យសោះ ! ពុទ្ធសាសនាមិនមែនមនុស្សល្ងង់គោរពជឿតាមបានទេ មានតែមនុស្សខ្លាំងប៉ុណ្ណោះដែលអាចដើរតាមបាន ។

