តណ្ហាបីយ៉ាងនាំចិត្តមិនឲ្យស្ងប់ៈ
១- តណ្ហាមិនចង់កើតទៀត ចង់ស្លាប់ឲ្យសូន្យកុំឲ្យកើតទៀត ។
២- តណ្ហាចង់កើតក្នុងកំណើតដែលមានក្តីសុខច្រើន ។
៣- តណ្ហាមិនចង់ស្លាប់ទាល់តែសោះ ចង់តែនៅរស់រហូតបើទោះជាជីវិតត្រូវលំបាកវេទនាយ៉ាងណាក៏ដោយ ។ ដើម្បីដោះស្រាយជាមួយតណ្ហាបីយ៉ាងនេះ ព្រះពុទ្ធបានផ្តល់អនុសាសន៍បីយ៉ាងដែរ គឺរក្សាសីលដើម្បីកុំឲ្យមានកំណើតអាក្រក់ ដាក់ទានដើម្បីមានក្តីសុខច្រើន ភាវនាដើម្បីកើតបញ្ញាមើលឃើញច្បាប់ធម្មជាតិគ្រប់ភពគ្រប់ឋានសុទ្ធតែមិនទៀង ជាទុក្ខ ជាអនត្តា មានតែហេតុបច្ច័យ មិនឋិតនៅក្រោមអំណាច បង្គាប់បញ្ជាមិនបាន មានតែបញ្ញាប៉ុណ្ណោះទើបអាចចាត់ការជាមួយតណ្ហាបីយ៉ាងនេះបាន ។
ការរស់នៅនេះបើអ្នកជ្រើសយកសុភមង្គល ជី៏វិតអ្នកនឹងមានប្រសិទ្ធភាព ព្រោះសុភមង្គលគឺជាជំរើសទេ វាមិនមែនជាគោលដៅឡើយ ទាំងមិនមែនជាអ្វីដែលគេអាចរក្សាទុកបានដែរ សុភមង្គលគឺដូចជាពន្លឺថ្ងៃ ដែលមានពិតតែមិនអាចរក្សាទុកបាន ។ រស់នៅចាំបាច់អីត្រូវទើសចិត្តគ្រប់ជំហាន បើជ្រើសយកភាពរីករាយដែលគ្មានការទទួលខុសត្រូវ ក៏មិនត្រឹមត្រូវដែរ ចិត្តចង្អៀតចង្អល់ជិនឆ្អន់នឿយណាយបានត្រឹមតែធ្វើខ្លួនឲ្យមានជំងឺ ធ្វើដូចជាយកអីបានពីលោកនេះទៅអញ្ចឹង ។ ចិត្តទូលាយនាំឲ្យមានភាពរីករាយ ជីវិតទាំងមូលនឹងបានផ្លាស់ប្តូរភ្លាម ពេលនោះអ្នកពិតជាបានឃើញអព្ភូត្តហេតុកើតឡើងរាល់ថ្ងៃដែលពីមុនមកអ្នកមិនដែលបានឃើញទាល់តែសោះ ! ហើយអ្វីទាំងនោះមិនអាចមករំខានជីវិតអ្នកបានទៀតទេ ព្រោះអ្នកបានកាត់ផ្តាច់ផលប៉ះពាល់មកលើជីវិតអ្នករួចស្រេចអស់ហើយ ។


