សមាធិគឺសំដៅទៅយកឈាន

K
សមាធិគឺសំដៅទៅយកឈាន ព្រោះអ្នកបានអភិញ្ញាក៏ត្រូវប្រើឈាន(ក្នុងភាពជាវសីស្ទាត់) អ្នកចូលនិរោធក៏ត្រូវប្រើឈាន ព្រះអរហន្តចេត្តោវិមុត្តិក៏ត្រូវប្រើឈាន ការទាក់ទងជាមួយចក្រវាឡផ្សេងៗក៏ត្រូវប្រើឈាន(ចូលឈានជាបាតលឿនរហ័ស) ព្រះពុទ្ធមុនបរិនិព្វានក៏ប្រើឈានដែរ ។ ឈានប្រែថាការសម្លឹងអារម្មណ៍ ឬ ដុតកម្លោចកិលេសដោយចិត្តជាសមាធិ ឬ ជាការដុតនីវរណៈ៥ឲ្យទ្រោមទៅ ។ ឈានមានពីរយ៉ាងៈ
១- អារម្មណូបណិឈានៈ ជាឈានបានពីសមាធិ ដែលមានរូបឈាន(មានរូបធម៌ជាអារម្មណ៍ ពួករូបាវចរៈកុសលបើមិនដាច់ឈានទេនឹងឲ្យផលទៅកើតនៅរូបភព១៦ជាន់ណាមួយ) និងអរូបឈាន (ជាអរូបាវចរៈកុសលឲ្យផលទៅកើតនៅអរូបភពទាំង៤ណាមួយ) រូបឈានមាន៤ឬ៥ថ្នាក់ទៅតាមចតុក្កន័យឬបញ្ចក្កន័យ ។ បឋមឈានមានអង្គ៥គឺ់ៈ វិតក្កៈ - វិចារៈ - បីតិ - សុខៈ - ឯកគ្គតា រួចហើយលះអង្គឈានចូលឈានខ្ពស់ៗជាបន្តទៀត ។
២- លក្ខណូបណិឈានៈ ជាឈានដែលមានអារម្មណ៍ជាវិបស្សនា(អនិច្ចំ ទុក្ខំ អនត្តា ) សម្លឹងលក្ខណះមិនទៀង ជាទុក្ខ ជាអនត្តា ។
នីវរណៈ៥ទ្រោមនាំឲ្យកើតបឋមឈាន អាសុភ១០និងកាយគតាបានត្រឹមបឋមឈាន ឧបេក្ខាព្រហ្មវិហារបានចតុត្ថឈាន កសិណ១០និងអានាបាបានចតុត្ថឈាន អរូបកម្មដ្ឋានបានអរូបឈាន យ៉ាងនេះជាដើម។

Comments