ឧបេក្ខាចិត្ត

K

ឧបេក្ខាចិត្តគឺមិនមែនព្រងើយយករួចខ្លួនទេ គឺធ្វើការគិតដោះស្រាយក្តី ជួយក្តីដោយមិនរំជួលចិត្ត សតិនិងបញ្ញាតាមមើលថែចិត្ត មិនបណ្តោយឲ្យចិត្តបាត់លំនឹងដោយសារតែភាពអាត្មានិយមនោះទេ ។ ដោះស្រាយជាមួយផលកម្មគឺដោះដោយសីល សមាធិ បញ្ញា ដោះស្រាយជាមួយមនុស្សថោកទាប ប្រើល្បិចថោកទាបបន្តិចបន្តួចក៏មិនអីដែរ តែបើដោះស្រាយជាមួយសុភាពបុរសវិញត្រូវមើលហេតុផលឲ្យបានច្បាស់ បើទៅមិនរួចទេ មានតែបណ្តោយតាមកម្មតែប៉ុណ្ណោះ ! ។ ដោះស្រាយជាមួយកិលេសតណ្ហាទើបជាការលំបាកបំផុត​ មហាបុរសច្រើននាក់ណាស់ ត្រូវអុកគូថដោយសារតែវា ! មិនមែនដួលដោយសារសត្រូវខាងក្រៅឡើយ ។

អាចជារូបភាពនៃ 1​ នាក់, ដើមឈើ និង សកម្មភាពក្រៅផ្ទះ

ជីវិតនេះពិតជាខ្លីណាស់ ! ដែលថា ទេវលោក ព្រហ្មលោក មានអាយុវែងក៏ត្រឹមតែមួយខណៈចិត្ត អបាយភូមិ៤ មនុស្សមួយ និងទេវតា៦ ក៏រស់ត្រឹមតែមួយខណៈចិត្តដូចគ្នា ត្រឹមតែមួយចំអែតរុយ ។ ព្រោះបដិសន្ធិដោយចិត្តណា ភវង្គក៏ជាចិត្តនោះ ចុតិក៏ជាចិត្តដដែលនោះដែរ មិនមានចិត្តអ្វីផ្សេងក្រៅពីចិត្តនេះឡើយ ! ។ ឧបមាដូចបោះថ្មមួយដុំឡើងទៅលើ ដុំថ្មដែលធ្លាក់ចុះមកវិញក៏គឺជាដុំថ្មដដែលនេះ មិនមែនជាដុំថ្មដទៃឡើយ ។ ចិត្តបដិសន្ធិ ភវង្គចិត្ត និងចុតិចិត្តគឺជាក្រសែចិត្តតែមួយ ហៅថាភវង្គតែម៉្យាងក៏បានៈ បដិសន្ធិ - ភវង្គ - ចុតិ ! សង្សារវដ្តគឺនៅក្នុងចិត្ត មិនមែននៅក្រៅចិត្តទេ ការបដិបត្តិក្នុងសីល សមាធិ បញ្ញា គឺជាការជំរុះចោលនូវអកុសលចេតសិកទាំង១៤​ដែលកើតរួមជាមួយអកុសលមូលចិត្តទាំង១២ដួង ហើយកាន់យកជាថ្មីនូវ សោភណចេតសិក២៥ដែលកើតរួមជាមួយសោភណចិត្ត២៤ ដួងវិញ ទើបរួចចាកទុក្ខបាន។ ជីវិតគឺតែអញ្ចឹងទេ ការខ្វាយខ្វល់រឿងរ៉ាវនៅក្នុងលោក គឺដោយអំណាចអកុសលមូលចិត្តទាំង១២សុទ្ធសាធ ដែលបានត្រឹមតែដឹកនាំឲ្យចុះទៅអបាយភូមិ៤តែប៉ុណ្ណោះ ! ។

Comments