ការគិតត្រិះរិះ៥យ៉ាងបំផ្លាញខ្លួនឯង

K
ការគិតត្រិះរិះ៥យ៉ាងបំផ្លាញខ្លួនឯង ៖
១- ការគិតត្រិះរិះឲ្យកើតការត្រេកត្រអាលអន្ទះអន្ទែង វាមកពី ចេះតែសំគាល់ថាអ្វីៗសុទ្ធតែស្អាត(សុភសញ្ញា)គួរឲ្យចង់នែបនិត្យ ។
២- គិតចងគំនុំគំគួន ព្យាបាទ កើតពីការគិតចង្អៀតចង្អល់ថ្នាំងថ្នាក់ចិត្ត ច្រណែនឈ្នានីស ។
៣- គិតឲ្យកើតការខ្ជិលច្រអូសរួញរាចិត្ត វាកើតពីការធុញទ្រាន់ ស្រវឹងនឹងអាហារ ឬ គ្រឿងញៀន ។
៤- ការគិតរវើរវាយអន្ទះអន្ទែង វាកើតពីការមិនចេះគ្រប់គ្រងចិត្ត សេចក្តីមិនសុខស្ងប់នៃចិត្ត ។
៥- សេចក្តីសន្ទិះសង្ស័យមិនដាច់ស្រេច ចេះតែសង្ស័យពីនេះពីនោះ វាកើតពីការមិនចេះទុកចិត្តអ្នកដទៃ មិនចេះគិតពិចារណា ខ្វះយោនិសោមនសិការៈ ការគិតពិចារណាដោយឧបាយត្រូវទំនង។ គំនិត៥យ៉ាងនេះមិនមានអ្នកណាប្រាថ្នាឲ្យកើតទេ តែវាអាចកើតឡើងបានដោយខ្លួនឯង ព្រោះធ្លាប់ស្និទ្ធស្នាលជាមួយវា ជាយូរមកហើយ ។គេស្រឡាញ់ គេស្អប់យើង មិនមែនជាបញ្ហានោះទេ តែការគិតរបស់យើងទេទើបជាបញ្ហា ! ពេលខ្លះគិតយូរៗទៅ៏ក៏លើកខ្លួនជាមនុស្សអស្ចារ្យ ដើរមើលងាយជេរគេ ជេរឯង ពេលខ្លះដាក់ខ្លួនជាមនុស្សកំសត់អភ័ព្វបំផុតនៅក្នុងលោកនេះទៅវិញផងក៏មាន ! ។ អ្នកមានប្រាជ្ញាតែងពត់ចិត្ត ដែលញាប់ញ័រឃ្លេងឃ្លោងរក្សាបានដោយក្រ ឃាត់បានដោយក្រ ឲ្យជាចិត្តត្រង់ទៅបាន ដូចជាងពត់ព្រួញធ្វើព្រួញឲ្យត្រង់ដូច្នោះដែរ ។ ធម្មតាសត្វត្រីដែលបុគ្គលបានស្រង់លើកឡើងផុតពីទឹកហើយ គ្រវែងទៅលើគោកតែងបំរះននាល យ៉ាងណាមិញ ចិត្តនេះវេលាណាកុលបុត្របានផ្តាច់កាមគុណ៥ឬតណ្ហា៥(តណ្ហាក្នុងរូប តណ្ហាក្នុងសម្លេង តណ្ហាក្នុងក្លិន...)យកវាមកចងភ្ជាប់នឹងកម្មដ្ឋាន បំរុងនឹងលះចំណងមារ ក៏រមែងញាប់ញ័របំរះននាលដូច្នោះដែរ ។ 
 

Comments