-កុំងើយពេក ក៏កុំបន្ទាបខ្លួនពេក បន្ទន់ត្រឹមអាចនិយាយគ្នាបាន ស្ដាប់គ្នាឮទៅបានហើយ។
-វ័យ ឬភេទ គេលែងដាក់នឹងមុខហើយ គេផ្ដោតលើសមត្ថភាព ការសិក្សា កម្រិតសីលធម៌ និងគុណធម៌របស់បុគ្គល។ ដូចនេះ សូមកុំធ្វេសប្រហែសពីតម្លៃខ្លួនឯង។
-ចួបគ្នា សួរសុខទុក្ខគ្នាទៅ កុំយកតួនាទីការងារ ឬប្រាក់ចំណូលមកជាប្រធានបទនាំមុខពេក។ អ្នកខ្លះត្រឹមជាឈ្មួញកណ្ដាលកសិកម្ម ជិះឡានព្រូសកញ្ជាស់ អាវមិនអាវ ខោមិនខោ អង្គុយញ៉ាំទឹកតែស្ដាប់គេឯងញឹមៗទេ តែប្រាក់ចំណូលគេ ប្រាំពាន់ដុល្លា ខែខ្លះរកបាន មួយម៉ឺនប្រាំពាន់ផុយ។ ដូចនេះធម្មតាៗទៅ កុំទៅមោទកភាពជ្រុលពេក!
-បើមាន មានឱ្យពិត បើស្ទើមានធម្មតាទៅ។ ការហក់លោត សម្ដែងសម្ញែងភាពមានបាននេះ គេងកើតទុក្ខព្រួយតែខ្លួនឯងទេ សូមជឿចុះ។ ស្ថានភាពបច្ចុប្បន្ន សកលលោកកំពុងជួបវិបត្តិនយោបាយ និងសេដ្ឋកិច្ច។ ស៉ាំងនៅតែបន្តឡើងថ្លៃ គ្រប់ទំនិញក៏ឡើងថ្លៃតាម ការងារមានការប្រកួតប្រជែងខ្ពស់ មនុស្សភាគច្រើនរករងឥទ្ធិពលវិបត្តិសេដ្ឋកិច្ច ប្រាក់ខែក៏ត្បិត ប្រាក់ចំណូលក៏ត្បៀត ម្នាក់ៗគិតគូៗតែជីវិតខ្លួនឯង វិលវល់តែជាមួយវិបត្តិខ្លួនឯង គេគ្មានពេលស្ញប់ស្ញែងអ្វីនឹងការសម្ញែងនោះទេ។ មែនទែនទៅ មនុស្សភាគច្រើនចាប់ផ្ដើម Negative ជាមួយនឹងការសម្ញែងទៀត។ គ្មានអ្នកណាគេមកជួយថ្លៃស៉ាំង ជួយបង់ធានាគាឱ្យទេ ធ្វើជាខ្លួនឯងតាមបែបធម្មតាៗ មិនដាច់ឆ្ងាយ ក៏អាចនឹងជួបមិត្តពិតផង។
-កុំប្រឹងចំណាយលុយលើ Fake Follow ឬប្រឹងបង្ហាញកេរ្តិ៍ម្ដាយ និងរឿងអាស្រូវដើម្បីFollow ហ្នឹងពេក វាមិនទៅអស្ចារ្យអ្វីទៅនឹង Follow ទេ។ ផេកផ្លូវការមួយចំនួន មានក្រោម១០ K Follow ទេ តែពេលគេមាន Event ម្ដងៗ មានក្រុមហ៊ុនផ្សព្វផ្សាយ Follow រាប់រយK ខ្លះមានជាងមួយM ដេញថ្លៃដាក់ពាណិជ្ជកម្ម និងផ្សព្វផ្សាយឱ្យ។ Event មួយគ្មានអស់មួយរៀល តែល្បីតាមប្រព័ន្ធផ្សព្វផ្សាយធំៗ នៅទទួលបានប្រាក់សម្រាប់រៀបចំកម្មវិធីពីដើមដល់ចប់ តាមរយ:ការដាក់ពាណិជ្ជកម្មទៀត។ ខ្ញុំលើកឡើងនេះ គ្រាន់តែចង់ក្រើនរំលឹកជាពិសេសថា:
"កុំប្រឹងសាងរូបភាពក្លែងក្លាយ ឬគ្មានគុណតម្លៃគ្រប់គ្រាន់នៅតាមបណ្ដាញសង្គមពេក ព្យាយាមសាងសមត្ថភាព និងគុណតម្លៃផ្ទាល់ខ្លួនឱ្យបានខ្ពស់ មានអត្តសញ្ញាណច្បាស់លាស់ ហើយមានទំនាក់ទំនងល្អនៅខាងក្រៅវិញវាប្រសើរជាង។ ទទួលស្គាល់ថា តាមច្បាប់ពាណិជ្ជកម្ម ទំហំអ្នកគាំទ្រ ជាអាទិភាពទីផ្សារ តែកុំភ្លេច ថាក្បួនទីផ្សារ គេយកអតិថិជនជាគោលដៅ។ មែនទែនទៅ នៅពេលគេដាក់ពាណិជ្ជកម្មមួយៗ គេសិក្សាណាស់ពីអូឌៀន។ តើអ្នកគាំទ្រអ្នកជាអ្នកណា? តើត្រូវនឹងផលិតផល ឬសេវាកម្មគេទេ? រឿងមួយថ្មីបំផុតដែលគេប្រុងប្រយ័ត្នទៀត នោះគឺឥទ្ធិពលអ្នកនៅក្នុងសង្គមបែបណា!? "
បច្ចុប្បន្នកុំថាឡើយអ្នកមានឥទ្ធិពលនៅតាមបណ្ដាញសង្គម សូម្បីក្រុមហ៊ុនផ្សព្វផ្សាយធំៗ គេខំណាស់ គេខំរក្សាអត្តសញ្ញាណ គុណតម្លៃ និងទំនាក់ទំនងផ្លូវការមាំទាំជាច្រើន វាមិនមែនគ្រាន់តែគ្រវីខ្លួន បង្ហាញរឿងអាស្រូវលិចកើត និងFake Follow ហ្នឹងទេ។
បើតាមសកម្មភាពការចែករំលែកចំណេះដឹង និងស្ថានភាពកម្រិតចំណេះដឹងរបស់យុវជន និងក្មេងៗបច្ចុប្បន្ន បើគ្មានអ្វីប្រែប្រួលទេ ៥ ឆ្នាំទៀតយ៉ាងយូរ អ្នកគាំទ្រនឹងចាប់ផ្ដើមបែងចែករវាងភាពល្បីល្បាញ និងគុណតម្លៃ ហើយសកម្មភាពដែលគ្មានគុណតម្លៃ នឹងក្លាយជាអ្វីដែលសង្គមអូសរំលង។
-មិនបាច់ប្រៀបធៀបស្ថានភាពជីវិតខ្លួនឯង ទៅនឹងក្ដីសុខនរណាម្នាក់ គ្រប់គ្នាសុទ្ធតែមានទុក្ខ គ្រាន់តែស្ថានភាពដោយឡែកពីគ្នា និងអ្នកមិនបានដឹងតែប៉ុណ្ណឹងឯង។ រស់នៅបច្ចុប្បន្ននេះ នរណាម្នាក់ដែលមានសុខភាពផ្លូវចិត្តល្អ ហើយគ្មានបំណុលទៀត នោះគឺជារឿងជោគជ័យធំណាស់។ ចំណេះជំនាញ បូកការអប់រំផ្លូវចិត្តខ្លួនឯង និងចំណេះដឹងបន្ថែមអំពីការគ្រប់គ្រង និងការប្រើប្រាស់ហិរញ្ញវត្ថុ គឺជារឿងគួតែមាន។
-ការប្រមាថអ្នកដទៃ ត្រូវបានមនុស្សភាគច្រើន ចាត់បញ្ចូលក្នុងក្រុមមនុស្សក្រៅសង្គម ដែលគេមិនចង់ចំណាយពេលតបត ឬចួប កុំថាឡើយពឹងពាក់ឬសហការងារ។ វាជាចំណុចខ្មៅ ហើយសំខាន់ណាស់ ព្យាយាមគ្រប់គ្រងឥរិយាបទរបស់អ្នកទៅកាន់អ្នកដទៃ។
-រៀនដល់ណាក៏ដោយ ការងារអីក៏ដោយ ឋាន:ណាក៏ដោយ ឱ្យតែអ្នកមានផ្នត់គំនិតល្អ យល់ដឹងពីសង្គមបានទូលំទូលាយ ហើយមានសីលធម៌ល្អផង មិនខ្វះទេអ្នកដែលគោរព រាប់អានអ្នក។ អ្នកនឹងមានអារម្មណ៍ថា សង្គមនេះ មិនធំទូលាយឬចង្អៀតពេកទេសម្រាប់អ្នក! ដូចនេះកុំបោះបង់ការស្វែងយល់ ការអភិវឌ្ឈ និងសីលធម៌។
-រឿងក្បត់រឿងផិត រឿងអាស្រូវនានា វាប្រៀបដូចជាតន្ត្រីកម្សាន្តម្យ៉ាង កំដរវិបត្តិផ្លូវចិត្តមនុស្សភាគច្រើន។ មើលទៅវាហំហាន វាដូចល្បីល្បាញ តែមែនទែនទៅវាគ្រាន់តែកំដរភ្នែក កំដរអផ្សុក និងកំដរស្ថានភាពផ្លូវចិត្តមនុស្សភាគច្រើនដែលកំពុងមានវិបត្តិ។ រឿងខ្លះ ទប់ខ្លះ លាក់ខ្លះ ក៏ល្អ។
-នៅប្រទេសយើង មានអ្នកមានពិត ហើយមានចំណេះដឹង បទពិសោធ និងគួរឱ្យគោរពពិតប្រាកដគួរឱ្យកត់សម្គាល់ ដូចនេះគួររៀនបោះចោលភ្លើងកំហឹងវណ្ណ:ខ្លះទៅ។ បើមានឱកាស គួររៀនពីពួកគាត់ឱ្យបានច្រើន សូមការណែនាំខ្លះនោះគឺជារឿងសំណាងណាស់ មិនមែនគ្រប់អ្នកមានសុទ្ធតែជាន់កអ្នកក្រទេ។
-បើគេបបួលអ្នកឱ្យវិនិយោគរបរមានលឿន សូមគិតឱ្យបានច្រើនដង ហើយរកអ្នកជំនាញពិភាក្សាផង។ បច្ចុប្បន្នកុំថាឡើយអ្នកផុងលង់របរមានលឿនជាមួយនឹងបំណុល សូម្បីក្ដីក្ដាំងអចនទ្រព្យក៏មានច្រើនណាស់ដែរ។
ជាការពិតអ្នកណាក៏ចង់ផ្លាស់ប្ដូរខ្លួនឯង អ្នកណាក៏ចង់មានបាន តែគ្រប់គ្នានៅក្នុងលក្ខណ្ឌ និងស្ថានភាពជាក់ស្ដែងមួយ។ បើសិក្សាទៅ អ្នកមានអ្នកជោគជ័យពិតម្នាក់ៗ គេបានទទួលស្គាល់ពីលក្ខខណ្ឌ និងស្ថានភាពគេណាស់។ គេច្បាស់ច្រើនណាស់ នូវភូមិសាស្ត្រ នយោបាយ ស្ថានភាពសេដ្ឋកិច្ច សក្តានុពលតំបន់ ចិត្តសាស្ត្រមនុស្ស ហើយមានបណ្ដាញទំនាក់ទំនងមាំទាំ និងប្រើពេលផង គេអត់ចេះតែប្រើអារម្មណ៍ ឬច្បាប់ជប់ទេ។
ទោះដើរមួយៗ សន្សឹមៗ ឱ្យតែច្បាស់ មាំ ហើយរក្សាការព្យាយាមត្រូវ ទោះមិនក្លាយជាសេដ្ឋី ក៏រស់បានល្អ រស់ដោយមិនខ្វះខាត មានលទ្ធភាពជួយអ្នកដទៃខ្លះ និងអាចមានសុភមង្គលដែរ។ ការដែលនរណាម្នាក់ប្រើតែក្ដីស្រមៃនាំមុខពក ឬប្រើអារម្មណ៍ពេក គ្មានជំនាញបទពិសោធច្បាស់លាស់ តែងតែនាំឱ្យនរណាម្នាក់នោះកើតមានជំងឺផ្លូវចិត្តច្រើនជាងលទ្ធផលប្រសើរ។
-រឹងមាំពិតប្រាកដនៅក្នុងសង្គមបច្ចុប្បន្ន គេសម្គាល់លើ ៤យ៉ាង ១.គឺ ហិរញ្ញវត្ថុ, ២.គឺកម្រិតចំណេះដឹង, ៣. គឺបណ្ដាញទំនាក់ទំនង និងទី៤. គឺសុខភាព (រាងកាយ និងផ្លូវចិត្ត)៕
រក្សាសិទ្ធិដោយ: ស្នង នេត្រា
Pic: Pinterest

