ស្នូករនាតធុង ឬប្រអប់សំនៀងធ្វើអំពីឈើខ្នុរ ឈើបេង ឬឈើនាងនួន ។ រនាតធុងខ្លះមានជើងពានមួយសំរាប់ទ្រពីក្រោម ។ រនាតធុងខ្លះទៀតមានជើង៤ រាងមូលទ្រពីក្រោមដែរ ។ ក្បាំងចុងសងខាងស្នូកហៅថា ខោល មានរាងដូចជាក្បាលនាគបើកពពា ។ រនាតធុងមានផ្លែសំនៀងតែ១៦ទេ ដែលធ្វើអំពីឫស្សី ឬឈើរឹងៗ ដូចជាឈើនាងនួន ឈើគ្រញូង។ល។ ប៉ុន្តែឫស្សីឱ្យសំនៀងល្អជាង ។ ផ្លែសំនៀងទាំងអស់នេះមានរបៀបធ្វើមិនខុសគ្នា នឹងផ្លែសំនៀងរនាតឯកឡើយ ។ ផ្លែសំនៀងទី១មានទទឹង៥២ម.ម បណ្តោយ៣៨០ម.ម ផ្លែទី១៦ត្រូវតែមានទទឹង៥៥ម.ម បណ្តោយ៤៥៨ម.ម កម្រងផ្លែរនាតសរុប០,៨៨ម ។
ពីខោលម្ខាងទៅខោលម្ខាងទៀតត្រង់ទំពក់ មានប្រវែង០,៩៨ម ។ ផ្លែសំនៀងទាំងអស់ត្រូវរឹតសំនៀងដោយដុំប្រមរដូចផ្លែរនាតឯកដែរ ។ ដើម្បីគោះផ្លែរនាតធុង គេត្រូវប្រើអន្លូងទន់ពីរ ដូចអន្លូងទន់រនាតឯកដែរ ប៉ុន្តែមេលំធំជាងបន្តិច ។ ក្នុងពេលគោះម្តងៗគេត្រូវគោះរាយលើផ្លែសំនៀងនីមួយៗ ទៅតាមបែបមិនគោះទាំងពីរដំណាលគ្នាដូចប្រើអន្លូងរនាតឯកឡើយ ។
រនាតធុងមានដំណើរសាច់បទ ឃ្លេង ឃ្លោង ផ្តក់ពីមុខ ផ្តក់ពីក្រោយ ឧបករណ៍ដទៃ ជួនកាលប្រើសំនៀងត្រួតខ្លះដែរ ដើម្បីធ្វើយ៉ាងណាឱ្យសំនៀងរបស់ខ្លួនលេចធ្លោឡើងក្នុងចន្លោះសំនៀងគេឯង ៕

