ជំងឺកូវីដ១៩ ដែលឆ្លងរាតត្បាតទូទាំងសាកលលោកបានបង្កផលប៉ះពាល់ដល់ពិភពលោកទាំងមូល រួមទាំងប្រទេសកម្ពុជាផងដែរ។ ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ សាលារៀនត្រូវបានបិទទ្វារ ដែលនាំឱ្យរំខានដល់ប្រព័ន្ធអប់រំ។ ភាពប្រឈមចំពោះវិស័យអប់រំ គឺមានទំហំធំធេងណាស់។ ហើយ SIS Cambodia ត្រូវបានបង្កើតឡើងដើម្បីដើរតួជាដំណោះស្រាយមួយចំពោះភាពប្រឈមនេះ។
លោក ញ៉ុង ឌិនថន អគ្គនាយករងនៃក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់សាលារៀន (School Information System ‘SIS’) ជាកម្មវិធីដ៏មានសារប្រយោជន៍ចំពោះទាំងសិស្ស និងគ្រូបង្រៀន ជាពិសេស ក្នុងអំឡុងពេលនៃវិបត្តិជំងឺឆ្លងនេះ។
លោក ឌិនថន មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ជាមួយនឹងប្រព័ន្ធ SIS លោកគ្រូអ្នកគ្រូអាចកំណត់កាលវិភាគសម្រាប់ថ្នាក់រៀនទាំងដោយផ្ទាល់ និងតាមអនឡាញ ក្នុងនោះរួមមានមុខងារជាច្រើន ដូចជា កែនិងដាក់ពិន្ទុលំហាត់ បង្រៀនសិស្សតាមវីដេអូអនឡាញ ការផ្ញើសារទៅសិស្សនិងអាណាព្យាបាល ការផ្ដល់ចំណាត់ថ្នាក់ប្រចាំឆ្នាំ និងមុខងារប្រឡងជាដើម»។
លោកបានបន្ថែមថា៖«កម្មវិធី SIS នេះអាចធ្វើទាំងកិច្ចការជាប្រពៃណីដែលគ្រូបង្រៀនធ្វើជាទម្លាប់ប្រចាំថ្ងៃបានផង ហើយក៏អាចធ្វើបានកាន់តែល្អថែមទៀត នៅលើអនឡាញ ទោះស្ថិតនៅទីកន្លែងណាក៏ដោយ ដោយគ្រាន់តែប្រើប្រាស់អ៊ីនធឺណិតប៉ុណ្ណោះ»។
មនុស្សជំនាន់សព្វថ្ងៃត្រូវការប្រើប្រាស់ប្រព័ន្ធអប់រំឌីជីថល ដែលធ្វើទំនើបកម្មវិធីសិក្សារៀនសូត្ររបស់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជា រាប់តាំងពីសាលារៀននៅតាមទីក្រុងរហូតដល់សាលារៀននៅតាមខេត្តផងដែរ។

