កោះទន្សាយគឺជារមណីយដ្ឋានធម្មជាតិដ៏ល្អប្រណិតមួយមានផ្ទៃដីទំហំ 189ហិកតា ស្ថិតនៅប៉ែកអាគ្នេយ៍នៃទីក្រុងកែប មានចម្ងាយ៤,៥គីឡូម៉ែត្រពីទីក្រុងនេះ។ កោះនេះ មានសណ្ឋានជាទំនាបដីជើងភ្នំកម្ពស់156ម៉ែត្រ ហ៊ុមព័ទ្ធដោយថ្មប៉ប្រះទឹក និងឆ្នេរខ្សាច់សក្បុស។
នៅទីនេះមានឆ្នេរខ្សាច់ចំនួន២កន្លែង ដែលមានវាលខ្សាច់សពីធម្មជាតិ អាចធ្វើជាកន្លែងសំរាប់ងូតទឹកកម្សាន្តយ៉ាងសប្បាយរីករាយ។ ទឹកសមុទ្រមានជម្រាលវែង ហើយមានជំរៅរាក់ដោយសារតែមានឆ្នេរនៅព័ទ្ធជុំវិញកោះហើយវាមានភាព ជម្រាល បន្តិចម្តងៗ។ ខាងក្រោមទឹកសមុទ្រ មានផ្កាថ្ម សត្វសមុទ្រ រុក្ខជាតិសមុទ្រ អំណោយផលដល់ការស្រាវជា្រវប្រព័ន្ធបរិស្ថានចំរុះ។
ឈ្មោះកោះទន្សាយនេះបានក្លាយមកពីពាក្យរំសាយ ព្រោះនៅពេលដែលស្តេចសាគររាជ អស់សង្ឃឹមក្នុងការ តស៊ូ ដោយមានការបែកបាក់ពលសេនា និង បក្សពួកខ្លួនអស់ច្រើន ព្រះអង្គក៏បានដឹកនាំអ្នកដែលនៅសេសសល់ឆ្លងសមុទ្រមកដល់កោះមួយនៅខាងមុខក្រុងកែប ហើយក៏បានធ្វើការរំសាយទ័ពរនៅទីនោះទៅ។ ដោយការហៅ តៗគ្នា កោះរំសាយ បានក្លាយទៅជាកោះអំសាយ កោះអន្សាយ ក្រោយមកក៏បានក្លាយទៅជាកោះទន្សាយរហូតដល់សព្វថ្ងៃនេះ។
សម្រាប់ការធ្វើដំណើរដើម្បីទៅដល់រមណីយដ្ឋានកោះទន្សាយ ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមផ្លូវទឹក ដោយការជិះទូក ឬកាណូតក្នុងចម្ងាយប្រមាណ១៥នាទី- ៣០នាទី ទៅតាមលក្ខខណ្ឌធម្មជាតិ និង អាកាសធាតុ។ ទូកមួយអាចជិះបានគ្នា ៨នាក់ ក្នុងតម្លៃ២៥ដុល្លារសម្រាប់ធ្វើដំណើរទៅមក។ រីឯកាណូតមានតម្លៃប្រមាណ ៨ដុល្លារសម្រាប់ធ្វើដំណើរមួយជើង។
នៅលើកោះមានកញ្ចុះអង្គុយលំហែកាយ និងមានអាហារដ្ឋានផងដែរ។ យើងក៏អាចកម្ម៉ង់អាហារគ្រឿងសមុទ្រ អាហារបែបបរទេស និង អាហារបែបខ្មែរជាដើម ជាមួយនឹងតម្លៃសមរម្យទៅតាមតម្រូវការ។ ក្រៅពីការលំហែកាយ នៅទីនេះក៏មានកន្លែងស្នាក់នៅលក្ខណៈគ្រួសារជាមួយនឹងបឹងហ្គាឡូជាច្រើន របស់អ្នកភូមិដែលរស់នៅលើកោះ ឬ បោះតង់។

