WHO ចាត់ទុកការញៀនហ្គេមជាវិបត្តិត្រូវដោះស្រាយ

K

ហ្គេម​ជា​​ការ​កម្សាន្ត ​ហើយ​មិន​ថា​អ្នក​លេង​ហ្គេម ឬ​មិន​លេង នៅ​តែ​ដឹង​ថា​​ចំណាយ​ពេល​​លើ​វា​​ជ្រុល​ពេក នឹង​ប៉ះ​ពាល់​ការ​សិក្សា ការងារ ឬ​រហូត​ពេល​ខ្លះ​លែង​ខ្វល់​​ពី​អ្នក​ក្បែរ​ខ្លួន។ ​បញ្ហា​នេះ អង្គការ​សុខភាព​ពិភព​លោក​ (WHO) កាល​ពីថ្ងៃ​ទី​ ២៥ ខែ​ឧសភា​ ២០១៩ កំពុង​ឈាន​ដល់​ការ​​ពិចារណារ​សម្រេច​ចាត់​ចូល​ការ​លេង​ហ្គេម​​ជា​វិបត្តិ​ត្រូវ​ដោះ​ស្រាយ។

បើ​តាម​វិប​សាយ​ WHO ថា កិច្ចពិភាក្សា​​សម្រេច​ផ្លូវ​ការ​​រៀប​ចំ​ដោយ​សន្និបាត​អង្គការ​នេះ នា​ទី​ក្រុង ហ្សឺណែវ​​ប្រទេស​ស្វីស ដោយ​មាន​ការ​ចូល​រួម​ពី​បណ្តា​អ្នក​ជំនាញ​សុខភាព មន្ត្រី​ប្រតិភូ​​នៃ​បណ្តា​ប្រទេស​សមាជិក​ WHO ព្រម​ទាំង​តំណាង​ធំៗ​​នៃ​​បណ្តា​ក្រុមហ៊ុន​ឧស្សាហកម្ម​ហ្គេម​មកចូល​រួម​ផង។

មក​ទល់​ពេល​នេះ​ កិច្ច​ពិភាក្សា​កំពុង​ស្ថិត​នៅ​ដំណាក់​កាល​ពិភាក្សា​សម្រេច តែ​យ៉ាង​ណា​គួរ​រំឭក​ដែរ​​ថា កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ WHO បាន​ចាត់​ទុក​​ថា​ការ​លេង​ហ្គេម​គឺ​ជា​វិបត្តិ​រួច​ទៅ​ហើយ នា​ឱកាស​សន្និសីទ​អន្តរ​ជាតិ​​លើក​ទី​១១ សើ​រើ​ពិនិត្យ​ចំណាត់​ថ្នាក់​ជំងឺ​​ធ្វើ​ឡើង​ជា​ប្រចាំ​ឆ្នាំ ប៉ុន្តែនា​អំឡុង​ពេល​នោះ​​​ដោយ​មាន​ការ​​សំណូម​ពរ​របស់លោក Stanely Pierre-Louis ដែល​ជា​តំណាង​ឲ្យ​សមាគម​ឧស្សាហកម្ម​ហ្គេម ឲ្យ​មាន​ការ​ពិភាក្សា​ពិនិត្យ​សម្រេច​​​ពី​អ្នក​ជំនាញ​សុខភាព ជា​បន្ត​បន្ទាប់​ ទើប​ការ​ពិភាក្សា​បាន​បន្ត​ធ្វើ​នា​​ឆ្នាំ​២០១៩​នេះ​។

Comments