នៅលើពិភពលោក ប្រភេទនៃការដឹកនាំនៅក្នុងប្រទេសនីមួយៗមិនដូចគ្នាទេ ហើយការដឹកនាំខ្លះអាចនាំឲ្យប្រទេសរីកចម្រើនជឿនលឿន ហើយការដឹងនាំខ្លះទៀតនាំប្រទេសទៅរកភាពអន់ថយ បង្កសង្គ្រាមពេញផ្ទៃប្រទេស បង្ហូរឈាមឥតឈប់ឈរ ។ ការដឹកនាំត្រូវបានបែងចែកជាពីរធំៗ គឺការដឹកនាំបែបផ្តាច់ការ និងការដឹកនាំបែបប្រជាធិបតេយ្យ។
ការដឹកនាំបែបផ្តាច់ការ គឺជាទម្រង់ដឹកនាំតាមបុគ្គលនិយម បែបអត្តនោម័ត មិនផ្តល់ឱកាសឲ្យសមាជិកបញ្ចេញយោបល់ និងគំនិតផ្តួចផ្តើមឡើយ ។ រាល់ផែនការដឹកនាំទាំងអស់ អ្នកដឹកនាំជាអ្នកបង្កើតផែនការ និងធ្វើការសម្រេចចិត្តដោយខ្លួនឯង ។ អំណាចប្រមូលផ្តុំទៅលើស្ថាប័ន ឬបុគ្គលម្នាក់។ អ្នកដឹកនាំបែបនេះច្រើនបន្តចេញពីត្រកូលមួយទៅត្រកូលមួយទៀត ឬផ្តើមចេញពីការដណ្តើមអំណាចដោយប្រើកម្លាំងយោធា ។

