#កុំបៀមទុកភាពឈឺចាប់ 

L
layy
#កុំបៀមទុកភាពឈឺចាប់ 

មិត្តអ្នកអានជាច្រើនសុទ្ធតែមានការយល់ឃើញផ្សេងៗគ្នាសម្រាប់អត្ថន័យពាក្យថា «ស្នេហា»។ តាមពាក្យសម្តីរបស់មិត្តអ្នកអាន «ស្នេហា» ជាពាក្យពីរម៉ាត់យ៉ាងខ្លី តែមានន័យវែងហើយទូលំទូលាយមិនអាចប្រៀបធៀបបាន! មែនហើយស្នេហា អាចជាថ្នាំញៀន ស្នេហាក៏អាចជាថ្នាំទិព្វ។ ស្នេហាអាចធ្វើឱ្យយើងយំ ហើយក៏អាចធ្វើឱ្យយើងសើច ស្នេហាមានឥទ្ធិពលលើជីវិត រហូតយើងអាចរស់ឬអាចស្លាប់ដើម្បីស្នេហា។ ប៉ុន្តែសម្រាប់ខ្ញុំអំណាចរបស់ស្នេហាស្ថិតនៅលើយើងផ្ទាល់ជាអ្នកកំណត់។ ការរក្សាទុកអារម្មណ៍ល្អៗ គឺសម្រាប់ស្នេហាដែលត្រូវបែកឃ្លាតទៅ ដោយសារតែហេតុផលចាំបាច់ណាមួយដែលយើងត្រូវតែព្រមទទួលយកដោយឥតលក្ខខណ្ឌ។ យើងមានតែអាចរក្សាទុកអារម្មណ៍ល្អៗដើម្បីស្នេហា ប៉ុន្តែសម្រាប់ស្នេហាដែលជារូបភាពបោកបញ្ឆោតចិត្ត យើងមានតែអាចកាត់ផ្តាច់ឱ្យបាន មិនអាចបៀមទុកភាពឈឺចាប់ទេ។ ប្រាកដណាស់ស្នេហាមានន័យទូលំទូលាយ មិនមែនចំពោះតែសម្ព័ន្ធបេះដូងបុរសនារីទេ នៅមានស្នេហាជាតិ ស្នេហាអ្នកមានគុណ ស្នេហាការងារដែលសំខាន់សម្រាប់យើងដូចគ្នា ហើយស្នេហាពិតមួយដែលស្ថិតស្ថេរជានិច្ចក្នុងជីវិតយើង គឺការស្រឡាញ់ខ្លួនឯង។ ត្រូវកំណត់ឱ្យបានថាជ្រើសរើសស្នេហាបែបណា ដែលធ្វើឱ្យជីវិតយើងមានក្តីសុខ។ កុំបៀមទុកភាពឈឺចាប់ វាដូចជាការធ្វើបាបខ្លួនឯង។ ខ្ញុំធ្លាប់សួរខ្លួនឯងថា ស្នេហាធ្វើឱ្យយើងឈឺចាប់ ហេតុអ្វីក៏យើងមិនអាចកាត់ផ្តាច់ស្នេហាចេញពីជីវិតយើងបាន? គ្រាប់ពូជផ្កាស្នេហ៍ធ្លាក់រាយប៉ាយពេញភពផែនដី ទោះបីយើងចង់ឬមិនចង់ ក៏វាអាចដុះបានដែរ ប៉ុន្តែពូជផ្កាខុសគ្នា ផ្កាខ្លះដុះមកលូតលាស់ល្អដែលយើងគួររក្សាទុក តែផ្កាខ្លះបែរជារលួយគល់ស្វិតស្រពោនទៅវិញ ហើយយើងត្រូវតែដកចេញឱ្យបាន។ ចង់ដកហូតយកភាពឈឺចាប់ចេញពីក្នុងចិត្តមិនមែនជាការងាយទេ តែយ៉ាងណាក៏មិនមែនបានន័យថាយើងមិនអាចធ្វើបានដែរ គ្រាន់តែយើងត្រូវការពេលវេលានិងការអត់ធ្មត់ ដើម្បីពង្រឹងចិត្តខ្លួនឯងឡើងវិញតែប៉ុណ្ណោះ។

អត្ថបទ៖ ម៉ៅ សំណាង (ទន្សាយ)

Comments