កាលយប់ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២១ កញ្ញា ប៉ូគឹមថេង សុធីតា ដែលជាកញ្ញាឯកតំណាងឲ្យប្រទេសកម្ពុជា បានឈរលើលេខរៀងទីមួយជាកញ្ញាឯកមានប្រជាប្រិយភាពបំផុត និងបានក្លាយជាស្រ្ដីខ្មែរដំបូងឡើងដល់កំពូលទាំង១០ ខណៈអ្នកគ្រងមកុដជ័យលេភីលេខមួយបានទៅលើកញ្ញា Nguyễn Thúc Thuỳ Tiên កញ្ញាឯកតំណាងប្រទេសវៀតណាម ក្នុងកម្មវិធី បវរកញ្ញាពិភពលោក (Miss Grand International) នៅឯទីក្រុងបាំងកក ប្រទេសថៃ។
យ៉ាងណាមិញ ក្រៅពីរូបសម្រស់ដ៏ស្រស់សោភា ទេពកោសល្យប៉ិនប្រសព្វ យុវត្តីដែលកើតលើទឹកដីនៃខេត្តបាត់ដំបងរូបនេះ ក៏មានសមត្ថភាពផ្នែកសិល្បៈគួរឲ្យកោតសរសើរផងដែរ និងបានឈ្នះជ័យលេភីជាបន្តបន្ទាប់។ ជាក់ស្តែងកញ្ញា ប៉ូគឹមថេង សុធីតា ធ្លាប់ជាម្ចាស់ជ័យលាភីលេខ៣ នៃកម្មវិធី កញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិឆ្នាំ២០១៩ (Miss Asia Pacific International 2019) ហើយក្រោយពីបញ្ចប់កម្មវិធីប្រឡងនេះ កញ្ញាបានងាកទៅចាប់អាជីពជាតារាបង្ហាញម៉ូត និងតារាសម្ដែងភាពយន្តជំនួសវិញ។
ពេលវេលាជិត ២ឆ្នាំបានកន្លងផុតទៅ កញ្ញាបានសម្រេចចិត្តដាក់ពាក្យប្រឡង ក្នុងកម្មវិធី Miss Grand Cambodia 2021 ដើម្បីបង្ហាញសមត្ថភាពជាថ្មី និងធ្លាប់គិតទុកជាមុនថា នឹងគ្រងមកុដកម្មវិធី ប្រកួតសម្រស់ដ៏ល្បីល្បាញមួយនេះឱ្យបាន។ ក្តីសុបិនបានក្លាយជាការពិត កញ្ញា ប៉ូគឹមថេង សុធីតា បានជាប់ជ័យលេភីលេខមួយ កម្មវិធី Miss Grand Cambodia 2021។ កញ្ញាធ្លាប់បានបង្ហើបប្រាប់ ទូរទស្សន៍មួយថា ការឈានជើង ក្លាយជាបេក្ខនារី នៅក្នុងកម្មវិធី Miss Grand Cambodia 2021 នេះ គឺកញ្ញាបានត្រៀមគ្រប់យ៉ាងសម្រាប់ការប្រកួត មិនថាការរៀបចំខ្លួន ការដើរ សំនួរចម្លើយ និងបានប្រមូលបទពិសោធន៍ ដែលមានលើឆាកជាតិ និងអន្តរជាតិពីមុន រួមទាំងអាកប្បកិរិយាជាបវរកញ្ញាទៀតផង។
បច្ចុប្បន្ន កញ្ញា ប៉ូគឹមថេង សុធីតា បានទទួលការចាប់អារម្មណ៍ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់សាធារណជន។ អ្វីដែលកាន់តែពិសេសគឺកញ្ញាបានពាំនាំយកពានរង្វាន់បរវកញ្ញាមានប្រជាប្រិយភាពបំផុត និងបំបែកកំណត់ត្រាក្លាយជាស្រី្តខ្មែរដំបូងឡើងដល់កំពូលទាំង១០ ក្នុងកម្មវិធី បវរកញ្ញាពិភពលោក (Miss Grand International)៕


សួស្តីបង
អធ្យាស្រ័យ ខ្ញុំបានពិនិត្យឃើញថាអត្ថបទនេះចំលងទាំងស្រុងពី https://www.business-cambodia.com/article/ms-pokimtheng-sothida
សូមបងផុសរាល់អត្ថបទដែលមិនចំលងពីកន្លែងណាមួយដើម្បីទទួលការ vote គាំទ្រ។អរគុណ