តើផ្លូវទៅនិព្វានមានអ្វីខ្លះ ? តើនិព្វានមានអ្វីជាហេតុ អ្វីជាបច្ច័យ ? ។ មានទុក្ខញាំញីជាហេតុ មានមគ្គអង្គ៨ជាបច្ច័យ មាននិព្វានជាផល ។ កុំទៅបបួលអ្នកដែលគេកំពុងតែសុខ កំពុងតែឆ្ងាញ់ កំពុងតែអញបាន កំពុងតែស្រួល ...គេមិនត្រឹមតែមិនយល់ គេមិនទៅទេ គេដៀលអ្នកបបួលទៀតផង ។ អ្នករងទុក្ខធំដូចភ្លើងឆេះក្បាលខ្លះ ក៏នៅតែមិនចង់ទៅនិព្វានដែរ ដោយហោចទៅសូម្បីតែអ្នកបួសក៏មកស្វែងរកលាភយសក្នុងវត្តអារាមដែរ គេប្រើពាក្យនិព្វានដើម្បីលួងចិត្តអ្នករងទុក្ខតែប៉ុណ្ណោះ ។ តើអ្នកណាខ្លះដែលជាអ្នកស្រឡាញ់និព្វាន លឺតែពាក្យនិព្វានសុខចិត្តប្តូរជីវិតយកឲ្យបាននោះ ?
១- គឺអ្នកមានបុណ្យចាស់បានធ្វើទុកមកពីអតីតជាតិ ទោះជាតិនេះរស់នៅមានក្តីសុខយ៉ាងណា ក៏នៅតែអន្ទះសាររកផ្លូវចេញទៅនិព្វានដែរ ។
២- អ្នកមានទុក្ខពាល់ត្រូវក្នុងជាតិនេះ ហើយធ្លាប់សាងសន្សំបុណ្យទុកមកពីមុន ចេតនាប៉ងប្រាថ្នានិព្វាន ។
៣- អ្នកជួបទុក្ខហើយមានបញ្ញាអាចស្តាប់យល់ពីវិធីរំដោះទុក្ខ ។
កុំបង្ខំគ្នាអី ! បើមិនមានហេតុចាស់ទេ ទៅមិនរួចឡើយ យល់មុនទៅមុន យល់ក្រោយទៅក្រោយចុះ !។

