ខ្ញំុជឿថា ជីវិតដ៏ល្អបំផុតជាជីវិតដែលគ្មានការផ្តេកផ្តួលតាមអារម្មណ៍។ ការគ្រប់គ្រងខ្លួនឯង វិន័យផ្ទាល់ខ្លួន និងការដឹងប្រមាណ សុទ្ធតែជាគុណធម៌ដ៏មានប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្តេកផ្តួលទៅតាមអារម្មណ៍ធម្មជាតិដែលកំពុងកើតឡើង។ អារម្មណ៍មិនល្អមានជាច្រើនដូចជា ទុក្ខព្រួយ ភ័យខ្លាច លោភលន់ កំហឹង និងសោកស្តាយ ជាដើម។ ការរស់នៅមិនអាចផ្តេកផ្តួលទៅតាមអារម្មណ៍អវិជ្ជមានទាំងអស់នេះបានទេ ព្រោះអារម្មណ៍ទាំងនេះមិនជួយឲ្យហេតុផលរីកចម្រើន និងមានសន្តិភាពផ្លូវចិត្តឡើយ។ ថ្វីត្បិតែយើងមិនអាចបញ្ឈប់អារម្មណ៍អវិជ្ជមានទាំងអស់បាន ប៉ុន្តែយើងពិតជាអាចគ្រប់គ្រងអារម្មណ៍អវិជ្ជមានទាំងអស់នេះឲ្យមានរបៀបរៀបរយ ដោយការហ្វឹកហាត់ចិត្តតាមរយៈការប្រើប្រាស់នូវហេតុផលនៅក្នុងការធ្វើអ្វីមួយ។ អារម្មណ៍អាចបំផ្លាញគុណធម៌បានយ៉ាងឆាប់រហ័ស ពីព្រោះវាផ្លាស់ប្តូរលឿនៗ និងគ្មានទិសដៅជាក់លាក់ដើម្បីកំណត់វា។ រាល់ទង្វើដែលគួរឲ្យសរសើរទាំងអស់កើតចេញមកពីគុណធម៌ ប៉ុន្តែចំណង់ដែលផ្លាស់ប្តូរលឿនៗ (គឺជាការផ្តេកផ្តួលតាមអារម្មណ៍) ដែលជាសភាវៈផ្ទុយនឹង គុណធម៌។ រាល់ការផ្តេកផ្តួលតាមអារម្មណ៍ទាំងអស់ធ្វើឲ្យយើងមិនសប្បាយចិត្ត និងធ្វើឲ្យផ្លូវចិត្តរបស់ យើងចុះខ្សោយ។ អារម្មណ៍ធ្វើឲ្យចិត្តគ្មានស្ថិរភាព ប៉ុន្តែមិនមែនរាល់អារម្មណ៍ទាំងអស់សុទ្ធតែអាក្រក់នោះទេ ពីព្រោះវាអាចជាសញ្ញាប្រាប់ពីដំណឹងដល់យើង ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗ។ ឧទាហរណ៍ៈ ភ័យខ្លាច គឺជាការឆ្លើយតបទៅនឹងការគំរាមកំហែងផ្សេងៗលើរូបកាយ, ព្រួយបារម្ភ គឺជាការឆ្លើយតបទៅ នឹងការគំរាមកំហែងដែលអាចកើតមានឡើង, ស្តីបន្ទោស គឺជាការឆ្លើយតបទៅនឹងការបំផ្លាញតម្លៃផ្នែក សីលធម៌, សប្បាយរីករាយ គឺជាការឆ្លើយតបទៅភាពជោគជ័យឬសមិទ្ធផល, កំហឹង គឺជាការឆ្លើយតបទៅ នឹងមនុស្សណាម្នាក់ដែលមិនគួរធ្វើរឿងអ្វីមួយ, ច្រណែន គឺជាការឆ្លើយតបទៅនឹងការមានអ្វីមួយដែលខ្លួនចង់មានដែរ។ ប្រសិនបើយើងកំពុងមានជម្លោះផ្លូវអារម្មណ៍ ឬភាពស្មុគស្មាញនៃអារម្មណ៍ គឺមានន័យថា យើងកំពុងមានជម្លោះនៃការវិនិច្ឆ័យក្នុងតម្លៃ ហើយវាច្រើនតែកើតឡើងនៅពេលយើងវិនិច្ឆ័យពីមនុស្ស ណាម្នាក់។ អារម្មណ៍រីករាយ អារម្មណ៍រំភើប អារម្មណ៍ត្រេកអរ អារម្មណ៍ស្រស់ស្រាយ អារម្មណ៍ភ័យខ្លាច អារម្មណ៍តក់ស្លុត អារម្មណ៍ខកចិត្តជាដើម សុទ្ធតែអាចកើតមានឡើងនៅក្នុងខ្លួនរបស់យើងបានទាំងអស់ ប្រសិនបើយើងមិនមានសតិឬវិន័យផ្ទាល់ខ្លួន។ ស៊ី សេរ៉ូ ជឿថា ចិត្តប្រើប្រាស់មុខងារបានទាំងអស់ជាមួយ នឹងអារម្មណ៍ ប៉ុន្តែអារម្មណ៍ពិតជាត្រូវការហេតុផលដើម្បីដឹកនាំដោយមិនអាចខ្វះបាន។

