របាយការណ៍​បង្ហាញពីឧក្រិដ្ឋកម្ម​ផ្លូវភេទ​ទៅលើ​កុមារប្រព្រឹត្តដោយសង្ឃកាតូលិកបារាំង

L

របាយការណ៍​បង្ហាញពីឧក្រិដ្ឋកម្ម​ផ្លូវភេទ​ទៅលើ​កុមារប្រព្រឹត្តដោយសង្ឃកាតូលិកបារាំង

រូប Saint Vincent de Paul នៅវិហារកាតូលិក​មួយក្នុង​ទីក្រុង​ប៉ារីស​នៅថ្ងៃទី ៥​តុលាឆ្នាំ ២០២១

គណៈកម្មការ​ឯករាជ្យមួយ​របស់បារាំង​ទើបបាន​បង្ហាញ​របាយការណ៍​ដ៏គួរ​រន្ធត់មួយ កាលពី​ថ្ងៃ​អង្គារ​ទី ៥​តុលា។ របាយការណ៍​ដែល​ជា​លទ្ធផល​នៃ​ការស៊ើបអង្កេត​រយៈពេល ជាង ២ឆ្នាំ បាន​បង្ហាញ​ថា មាន​កុមារ​ជាង​៣ម៉ឺននាក់ ដែលរងគ្រោះ​ដោយ​ឧក្រិដ្ឋកម្មផ្លូវភេទ​លើ​កុមារ ដែលនៅក្នុងនោះ មាន ជាង ២ម៉ឺននាក់​រងគ្រោះ​ដោយ​ផ្ទាល់​ដោយ ការរំលោភបំពាន​ផ្លូវភេទ ប្រព្រឹត្តឡើង​ដោយ​លោកសង្ឃ​កាតូលិក​បារាំង។ តាំងពីបុរី វ៉ាទីកង់ ប្រមុខសង្ឃកាតូលិក ហ្វ្រង់ស័រ​បាន​សំដែង​ការទុក្ខព្រួយ ដ៏ធំធេង នៅចំពោះមុខ​ការពិត ដ៏គួរ​ឲ្យ​ព្រឺខ្លាច​មួយនេះ។

តាមអ្នកនាំពាក្យ​របស់​បុរី​វ៉ាទីកង់ នៅក្រោយ​របាយការណ៍ ចេញផ្សាយ​ពី​ឧក្រិដ្ឋកម្មផ្លូវភេទ​លើ​កុមារ សម្តេចប៉ាប ហ្វ្រង់ស័រ គ្មាន​អ្វី ក្រៅតែ​ពីគិត នឹកដល់​ដំបូងគេ​ដល់​ជនរងគ្រោះ ដល់​របួសស្នាម​របស់ពួកគេ និង​ការដឹងគុណ ពួកគេ​ដែល​មាន​សេចក្តីក្លាហាន​ដើម្បីបកអាក្រាត រឿងអាស្រូវ​មួយនេះ។របាយការណ៍​កម្រាស ៤៨៥​ទំព័រ (ភ្ជាប់ជាមួយ ឧបសម្ព័ន្ធ ២ពាន់ទំព័រ )​របស់​ គណៈកម្មការ​ឯករាជ្យ​ស្តីពី​ការរំលោភបំពាន​លើ​កុមារ នៅ​វិហារកាតូលិក បាន​បង្ហាញ​ថា ចាប់តាំង​ពី​ឆ្នាំ ១៩៥០ ដល់​ឆ្នាំ ២០២០ មាន​កុមារ ជាង ២១៦ ០០០នាក់​ដែល​រងគ្រោះ​ដោយសារ​ការរំលោភបំពាន​ផ្លូវភេទ ពីសំណាក់ លោកសង្ឃ​កាតូលិក នៅក្នុង​ប្រទេស​បារាំង។បើសិន​គេរាប់​បញ្ចូល​ទាំង​ការរំលោភបំពាន​ពី​សំណាក់គ្រូបង្រៀន មន្រ្តី​ត្រួតពិនិត្យ និង​ប្រធានក្រុម​ក្មេងscout ដែល​ធ្វើការ​ក្នុង​ស្ថាប័ន​វិហារ​កាតូលិក ទៀតនោះ គេ​រកឃើញ​មាន​កុមារ​សរុប​ជាង ៣សែន​ដែលធ្លាក់ខ្លួន​រងគ្រោះ ដោយសារ​ឧក្រិដ្ឋកម្ម​ផ្លូវភេទ​លើកុមារ។ នៅក្នុង​រយៈពេល​ស៊ើបអង្កេត ២ឆ្នាំ ដោយ​ផ្តោតសំខាន់​លើ​ឯកសារ​ចាស់ៗ របស់​វិហារកាតូលិក បារាំង និង​បាន​សាកសួរ​សាក្សី ជាង​២៥០នាក់ គេ​វាយតម្លៃថា មាន​សង្ឃ​កាតូលិក ពី ២៩០០ ទៅ ៣២០០​នាក់ ដែល​បាន​រំលោភផ្លូវភេទ​លើកុមារ ចាប់ពី​ឆ្នាំ ១៩៥០ ដល់​ឆ្នាំ ២០២០។ ក្មេងប្រុស តំណាង ឲ្យ​៨០%​នៃ​ជនរងគ្រោះ​ដោយសារ​ឧក្រិដ្ឋកម្ម​ផ្លូវភេទ​លើ​កុមារ។តាម​លោក Jean Marc Sauvé ប្រធាន​គណៈកម្មការ​ឯករាជ្យ​ដែល​ជាអ្នកដឹកនាំ​ការស៊ើបអង្កេត​លើ​ការរំលោភបំពាន​លើ​កុមារ គេ​រកឃើញមាន​ការធ្វេសប្រហែស ចន្លោះប្រហោង និង​ស្ងាត់បិទមាត់ ជាលក្ខណៈ ប្រព័ន្ធ ក្នុង​ស្ថាប័ន​សាសនា​មួយនេះ។ វិហារកាតូលិក​មិនចេះ​ឃើញ មិនចេះ​ស្តាប់ មិន​ចេះ​ចាប់សញ្ញា​ខ្សោយ និង​មិនបាន​ចាត់វិធានការម៉ត់ចត់។ រហូត​មកដល់​ឆ្នាំ ២០០០ វិហារកាតូលិក​នៅតែ​បិទភ្នែក បិទត្រចៀក​ មិនទទួល​ស្តាប់​សាក្ខីកម្ម​របស់​ជនរងគ្រោះ។ ផ្ទុយទៅវិញ វិហារកាតូលិក​នៅបារាំង បាននិយាយ​បែបទម្លាក់កំហុស​លើ​ជនរងគ្រោះថា ជា​អ្នកចូលរួម​តិច ឬ​ច្រើន ក្នុង​ទង្វើ​ដែលកើតឡើង​លើ​ពួកគេទៅវិញ។សម្រាប់ជនរងគ្រោះម្នាក់ ដែល​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP វា​ជា​ប្រវត្តិសាស្រ្ត​ព្រោះថា គេ​មិនអាច​និយាយទៀតទេថា គេ​សំអុយឈ្មោះ វិហារកាតូលិក និង​ថា គេ​ត្រូវ​បិទទំព័រចាស់ ចាប់ផ្តើម​ជីវិត​ថ្មី។នៅពេលទទួល​របាយការណ៍​ដោយផ្ទាល់ដៃ​ពី​គណៈកម្មការ​ស៊ើបអង្កេត​លើ​ការរំលោភបំពាន​ប្រព្រឹត្ត​ដោយ​សង្ឃកាតូលិក ប្រធាន​សន្និសីទ​សង្ឃនាយក​របស់​បារាំង លោក Eric Moulin Beaufort បានសំដែង​ការខ្មាស់អៀន និង​ក្តីរន្ធត់។ លោកបាន​និយាយ​សុំទោស​ដល់​ជនរងគ្រោះ​ទាំង​ជាង​៣សែននាក់ ដែល​រងគ្រោះ​ដោយសារ​ការរំលោភបំពានផ្លូវភេទ​ក្នុង​ទីកន្លែង​សាសនា​កាតូលិក។ប្រធាន​គណៈកម្មការ​ស៊ើបអង្កេត ដែលជាអតីត​អនុប្រធាន​ក្រុមប្រឹក្សា​រដ្ឋ លោក Jean Marc Sauvé បាន​អំពាវនាវ ណែនាំ​ឲ្យគេ​បង់ថ្លៃសងជំងឺចិត្ត ដល់​ជនរងគ្រោះ​ដោយសារ​អំពើហិង្សា​ផ្លូវភេទ ប្រព្រឹត្ត​ដោយ​សង្ឃ​កាតូលិក តាមរយៈ ការប្រើ​ប្រាក់ ដែល​រឹបអូស​យក​បាន​មក​ពី​ទ្រព្យសម្បត្តិ​របស់​ជនល្មើស និងប្រាក់​របស់​វិហារ​កាតូលិក​បារាំង៕

Comments