ចេះសាងគុណធម៌ឲ្យខ្លួនឯង

L

 ចេះសាងគុណធម៌ឲ្យខ្លួនឯង ៖ លោកនេះច្របូកច្របល់ លោកនេះជាគ្រឿងបំពុល បើមិនចេះអប់រំចិត្តទេនឹងឆ្កួតដោយសារតែលោកនេះ ។ ស្រុកគេ គេតាមដានសុខភាពជាប់ ស្រុកយើងមនុស្សកើតស្កន់(ឆ្កួតជ្រូក)កាន់គ្រឿងម៉ាសីុនពេញទឹកពេញដី ជំងឺហឹង្សាកាន់ការងារធំក៏មាន ! ស្រុកគេមានភ្លាត់មួយៗ គេយកទៅព្យាបាលទាន់ពេល ស្រុកយើងស្មានតែព្រមព្យាបាលឬ ? មិនហ៌ានទាំងប្រាប់ទៅទៀត ! ។ ចង់ឲ្យលោកខាងក្រៅស្ងប់មិនបានទេ មានតែធ្វើឲ្យលោកខាងក្នុងស្ងប់ដើម្បីកុំឲ្យប្រតិកម្មជាមួយលោកខាងក្រៅទើបអាយុវែង ! ។
មូលហេតុនាំឲ្យស្លាប់ព្រះលោកពន្យល់ថា មានតែបីយ៉ាងទេ គឺលើសធាតុ ខ្វះធាតុ និង ការបៀតបៀនគ្នា ។ ស្រវឹងនឹងរសអាហារ ទទួលទានមិនចេះប្រមាណនាំឲ្យលើស ស្ក លើសខ្លាញ់ លើសអាសុីត ពុកសរសៃឈាម លើសសំពាធឈាមស្លាប់ ។ ហូបតម ឬ ខ្វះចំណីអាហារ ធ្វើការធ្ងន់បាក់កម្លាំងនាំឲ្យខ្វះជីវជាតិ ខ្សោយប្រព័ន្ធការពារឈឺស្លាប់ ។ ការបៀតបៀនពីមនុស្សផងគ្នា មនុស្សបៀតបៀនសត្វ មេរោគបៀតបៀនមនុស្សជាដើម ។ និយាយពីធម្មជាតិ គឺនិយាយពីតុល្យភាព ! ការធ្វើឲ្យបាត់បង់តុល្យភាព នាំឲ្យកើតភាពវឹកវរ ការរស់នៅមិនមានក្តីសុខឡើយ ។ ជារឿយៗមនុស្សតែងជ្រើសរើសមនុស្សអាក្រក់ធ្វើជាមិត្ត ទីបំផុតគេលែងចេះទុក្ខចិត្តមនុស្សល្អទៅវិញ ពេលមនុស្សល្អបានមកដល់ត្រូវគេវិនិច្ឆ័យយ៉ាងល្អិតល្អន់ រួចហើយក៏បោះបង់ចោលទៅ ! ។មនុស្សមានភ្នែកស្អុយតែងបង្កើតរឿងអាក្រក់ឲ្យខ្លួនឯង ច្រើនជាងរឿងល្អ រួចហើយតាំងបន្ទោសព្រហ្មលិខិត ! ។ អាថ៌កំបាំងនៃការផ្លាស់ប្តូរ គឺផ្តោតទៅលើអ្វីដែលជាឋាមពលរបស់អ្នក វាមិនមែនជាការប្រយុទ្ធជាមួយនឹងរឿងចាស់ ទាំងមិនមែនជាការបង្កើតថ្មីដែរ ! គ្រាន់តែប្រមូលផ្តុំការគិតរបស់អ្នក ឲ្យឋិតក្នុងបច្ចុប្បន្នជានិច្ច តែប៉ុណ្ណោះជាការស្រេច ! ។ 

Comments