តាមពិតវាគ្មានអ្វីអស្ចារ្យទេ ព្រោះវាជារឿងធម្មតាសោះ មិនគួរយកតំលៃពេលវេលា យកតំលៃជីវិតទៅប្រៀបធៀបជាមួួយវាឡើយ ។ តែយុវវ័យខ្លះបែរជាសុខចិត្តស្លាប់ព្រោះតែទ្រាំអត់វាមិនបាន ខ្លះក៏ទ្រាំរស់កំដរភាពសោកាដែលទុកដូចជាដំបៅអត់ប្រយោជន៍កប់ទុកក្នុងបេះដូង ព្រោះតែចាញ់បោកចិត្តអាក្រក់របស់ខ្លួនឯង ។ យើងនៅមានកិច្ចការដែលត្រូវធ្វើច្រើនណាស់ ! មិនគួរណាកើតមកសម្រាប់តែធ្វើជាទាសករស្នេហាតែម៉្យាងនោះទេ ! ។ ខ្យល់ដែលបក់ទៅហើយតើអ្នកជឿថាវាអាចនឹងវិលត្រឡប់មកជួបអ្នកម្តងទៀតទេ ? មិនខុសទេឲ្យតែខ្យល់នោះបក់នៅលើដី យូរឬឆាប់យើងគង់តែបានជួបវាម្តងទៀតជាមិនខាន ។ រឿងរ៉ាវជីវិតក៏ដូចគ្នាយើងគង់នឹងបានជួបវាម្តងហើយម្តងទៀត ហេតុនេះសូមរក្សាបទពិសោធលើកទីមួយទុកឲ្យបានល្អ ។ ពេលត្រូវគេបោកលើកទីមួយ គឺមកពីគេពូកែ ពេលត្រូវគេបោកលើកទីពីរគឺមកពីយើងភ្លើ បើត្រូវគេបោកដល់បីដងក្នុងរឿងតែមួយ អ្នកចាំបាច់ត្រូវរត់រកពេទ្យជួយហើយ ។ រឿងស្នេហាក៏ដូចគ្នា កុំចេះតែត្រូវគេបោកហើយសំងំទួញយំបោចសក់បង្ហូរទឹកភ្នែកអត់បានការធ្វើអី មនុស្សដូចយើងគ្មានអ្នកណាគេអាណិតទៀតទេ ! ។

