កោះកុង (ជីផាត)៖ ឈ្មោះសហគមន៍អេកូទេសចរណ៍ជីផាត កើតចេញពីឈ្មោះតាជី និងយាយផាត ដែលជាអ្នកមករស់នៅតំបន់នេះមុនដំបូងគេ។ លោក រី សាំងប៊ន មគ្គុទ្ទេសក៍ទេសចរនៅតំបន់សហគមន៍អេកូទេសចរណ៍ជីផាតនៃស្រុកថ្មបាំង ខេត្តកោះកុង បានបញ្ជាក់ថា តាមចាស់ៗនិយាយតៗគ្នាមក តំបន់នេះ គេដាក់ឈ្មោះតាយាយពីរនាក់ ដែលមករស់នៅទីនេះ គឺតាជីនិងយាយផាត។ ដើមឡើយតំបន់នេះ មិនមានភូមិនោះទេ វាជាព្រៃឫស្សី ហើយតាជី និងយាយផាត បានមកកាប់ឆ្ការ លុះពេលដែលតាយាយទាំងពីរស្លាប់ទៅ គេក៏យកឈ្មោះគាត់ទាំងពីរមកដាក់តែម្ដង ពោគឺគេហៅតំបន់នេះថា «ជីផាត»ចាប់តាំងពីពេលនោះមក។
«ជីផាត» ជាតំបន់ទេសចរណ៍ធម្មជាតិ ស្ថិតនៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។ តំបន់ «ជីផាត» បានបង្កើតជាសហគមន៍អេកូទេសចរណ៍ជីផាត ក្នុងឆ្នាំ២០០៧ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសជួយបង្កើនការងារ និងជីវភាពពលរដ្ឋក្នុងតំបន់នេះ។ ក្នុងតំបន់សហគមន៍អេកូទេសចរណ៍ជីផាត មានទេសភាពស្រស់ស្អាត ដែលអមដោយសម្រស់ទឹកជ្រោះ, ការជិះទូកគយគន់ថ្ងៃលិច, អំពិលអំពែក និងសត្វស្លាបតាមដងព្រែកសមុទ្រ, ល្អាងប្រចៀង, ទីឈ្វេងយល់ពាងបុរាណ និងមឈូសបុរាណដែលមានអាយុកាលជាង៥០០ឆ្នាំផងដែរ។

