កំពូលទស្សនវិទូដ៏ល្បីល្បាញ

L

កំពូលទស្សនវិទូដ៏ល្បីល្បាញប្រចាំលោកខាងលិច ការបង្រៀនរបស់គាត់ គឺផ្តោតលើគុណធម៌ដែលបុគ្គលម្នាក់ៗចាំបាច់ត្រូវមាន និងការរស់នៅប្រកបដោយគុណធម៌។ អារីស្តូតជឿជាក់ថា គោលដៅចុងក្រោយនៃជីវិត គឺដើម្បីបាននូវសុភមង្គល។ សុភមង្គលមានន័យថា ការបន្តធ្វើការងារទៅមុខជានិច្ចដើម្បីឆ្ពោះទៅរកភាពល្អឥតខ្ចោះ ដែលបុគ្គលម្នាក់ៗអាចធ្វើទៅបាន។ រាងកាយរឹងមាំដោយសារការហាត់ប្រាណ ចិត្តរីករាយដោយសារការប្រតិបត្តិនូវគុណធម៌ ប៉ុន្តែការហ្វឹកហាត់ និងការប្រតិបត្តិនូវគុណធម៌ចាំបាច់ត្រូវការការដឹងប្រមាណ ព្រោះបើគ្មានមុខងាររបស់ការដឹងប្រមាណនោះទេ គុណធម៌ក៏បាត់ ភាពរីករាយក៏បង់។ អារីស្តូតយល់ថា ការដឹងប្រមាណ គឺជាស្ពានឆ្ពោះទៅរកគុណធម៌ ជាក់ស្តែងនៅក្នុងទ្រឹស្តីភាពសមល្មមរបស់គាត់ បុគ្គលម្នាក់ៗចាំបាច់ត្រូវស្វែងរកចំណុចកណ្តាល ឬកម្រិតមធ្យមមួយនៅក្នុងស្ថានភាពដ៏ស្មុគស្មាញមួយដើម្បីកុំឲ្យលើស និងដើម្បីចៀងវាង មិនឲ្យខ្វះ។ គ្រប់គុណធម៌ទាំងអស់តែងតែមានភាពលើស និងភាពខ្វះ ជាក់ស្តែង ភាពក្លាហាន គឺជាគុណធម៌ ប៉ុន្តែប្រសិនបើកម្រិតរបស់គុណធម៌ខ្វះ ភាពក្លាហានប្រែក្លាយ ទៅជាភាពកំសាក ផ្ទុយមកវិញ ប្រសិនបើគុណធម៌នេះលើសវិញ ភាពក្លាហានប្រែក្លាយជា ក្លាហានជ្រុលទៅវិញ។ ភាពលើស និងភាពខ្វះសុទ្ធតែបំផ្លាញនូវគុណធម៌។ ដូច្នេះ ទង្វើប្រកបដោយគុណធម៌អាចកើតឡើងបានតាមរយៈការរក្សានូវតុល្យភាពរវាងភាពលើស និងភាពខ្វះនៅក្នុងទង្វើនីមួយៗ ។ ទ្រឹស្តីគុណធម៌កំណត់ថា ទង្វើមួយត្រឹមត្រូវប្រកបដោយគុណធម៌ គឺជាទង្វើដែលអ្នកមានគុណធម៌បានប្រកាន់យក និងប្រតិបត្តិ។ 

Comments