ស្នូលសំខាន់ៗដែលចាំបាច់ត្រូវមានក្នុងខ្លួន

L
១- គតិបណ្ឌិតគឺជាចំណេះដឹងបែបវិទ្យាសាស្រ្តអំពីអ្វីមួយដែលគួរធ្វើ ឬអ្វីមួយមិនគួរធ្វើ ឬមិនគួរធ្វើទាំងពីរតែម្តង។ ន័យមួយទៀតរបស់គតិបណ្ឌិត គឺជាចំណេះដឹងបែបវិទ្យាសាស្រ្ត អំពីអ្វីដែលល្អ និងអ្វីដែលអាក្រក់។ គតិបណ្ឌិត គឺជាគុណធម៌សម្រាប់ប្រើប្រាស់ក្នុងដំណើរការនៃការគិត ការគណនាអ្វីមួយបានត្រឹមត្រូវ ការឆ្លើយតបបានលឿន ការវិនិច្ឆ័យត្រឹមត្រូវ អាចសម្រេចចិត្តដោយខ្លួនឯង។ សត្រូវរបស់គតិបណ្ឌិតគឺ ការខ្ជិលត្រិះរិះពិចារណា។
២-ភាពក្លាហាន គឺជាចំណេះដឹងបែបវិទ្យាសាស្រ្តអំពីអ្វីដែលគួរខ្លាច ឬអ្វីដែលមិនគួរខ្លាច។ ភាពក្លាហាន គឺជាគុណធម៌សម្រាប់ប្រើប្រាស់នៅក្នុងការឆ្លើយតប ជាមួយនឹងអារម្មណ៍ដែលជាឧបសគ្គដែលកើតមានប្រចាំថ្ងៃនៅក្នុងជីវិត។ ភាព ក្លាហាន គឺជាការក្រាញននៀល ជាការជឿជាក់ ជាការតាំងចិត្តខ្ពស់ ជាភាពរីករាយ ជាការព្យាយាម។ ភាពក្លាហានមានតួនាទីប្រឈមមុខជាមួយនឹងការគំរាមកំហែង តាមផ្លូវចិត្ត និងតាមផ្លូវកាយ ប៉ុន្តែវាក៏ទាមទារការចូលរួមពីការដឹងប្រមាណ។
៣-យុទ្ធធម៍គឺជាចំណេះដឹងបែបវិទ្យាសាស្រ្តអំពីរបៀបបែងចែកផលប្រយោជន៍ ឲ្យស័ក្តិសមនឹងអ្វីដែលមនុស្សម្នាក់ៗបានធ្វើ។ យុត្តិធម៌ គឺជាគុណធម៌សម្រាប់ប្រើប្រាស់ នៅក្នុងការទំនាក់ទំនងជាមួយមនុស្សឲ្យបានល្អ។ យុត្តិធម៌ គឺជាភាពស្មោះត្រង់ ជាភាពស្មើគ្នា ជាការដោះស្រាយជម្លោះឲ្យបានត្រឹមត្រូវ ជាចេតនាល្អ ជាការមិនបៀតបៀន និងជាទឹកចិត្តដ៏ល្អ។ មួយវិញទៀត យុត្តិធម៌ គឺជាប្រភេទគុណធម៌ដ៏ចាំបាច់បំផុតសម្រាប់ការរស់នៅជាក្រុមឲ្យមានសន្តិភាព។
៤- ការដឹងប្រមាណគឺជាចំណេះដឹងបែបវិទ្យាសាស្រ្តអំពីអ្វីគួរជ្រើសរើស អ្វីដែលគួរចៀសវាង។ ការដឹងប្រមាណ គឺជាគុណធម៌សម្រាប់ប្រើប្រាស់ក្នុងការជ្រើសរើស។ ការដឹងប្រមាណ គឺជាការពេញចិត្តជាមួយនឹងរបស់ខ្លួន ជាការដាក់ខ្លួន ជាការគ្រប់គ្រងខ្លួនឯង។ ការដឹងប្រមាណ មានសារៈសំខាន់សម្រាប់គ្រប់គ្រងចំណង់របស់យើងម្នាក់ៗ ដើម្បីចៀសវាងភាពលោភលន់ហួសប្រមាណ និងអាចជួយឲ្យយើងរស់នៅមានវិន័យផ្ទាល់ខ្លួន (ការគ្រប់គ្រងខ្លួនឯងបានល្អ)។

Comments