ដើម្បីឲ្យចិត្តមានក្តីសុខ តើត្រូវគិតពីបញ្ញត្តិឬគិតពីបរមត្ថ ?

L

ធម៌ពីរនេះគឺជាអាវុធមុខពីរ បើប្រើមិនស្រួលមិនត្រូវតាមកាលៈទេសៈ មួយកាប់ចេញក្រៅ មួយចាក់ចូលក្នុងត្រូវចំខ្លួនឯងស្លាប់ដាច់ពួជផងក៏មាន។ធម៌ពីរនេះមិនអាចចែកដាច់ពីគ្នាជាដាច់ខាតបានឡើយ បើនៅវ័យក្មេងគួរគិតពីបញ្ញត្តិឲ្យបានច្រើន តែក៏មិនត្រូវចោលបរមត្ថទាំងស្រុងនោះដែរ ព្រោះក្មេងមិនមែនមានន័យថាមិនចេះស្លាប់ឯណា និងដើម្បីកុំឲ្យមានះប្រកាន់មាំខ្លាំងពេក។បើវ័យចាស់លែងចង់ធ្វើការអីកើត ត្រូវគិតបរមត្ថឲ្យបានច្រើន(មិនទៀង ជាទុក្ខ ឥតខ្លឹមសារ មិនមានអ្វីជារបស់ខ្លួន អស់ទៅសូន្យទៅ បង្គាប់បញ្ជាមិនបាន មិនឋិតក្រោមអំណាច លោកនេះសូន្យទទេរ )ដរាបណាយើងនៅខ្វល់ពីចំណងនិងការភ័យខ្លាចចំពោះអត្តភាព(ភាពនៃខ្លួន)ថាកើតទៀតឬមិនកើតទៀត គឺដូចជាបង្ខាំងខ្លួនឲ្យឋិតក្នុងភាពអាត្មានិយមយ៉ាងមាំមិនអាចកាត់ផ្តាច់ខ្លួនពីពិភពលោកបានឡើយ។អ្វីដែលហៅថាខ្លួននោះវាគ្រាន់តែជាបាតុភូតមិនឋិតថេរត្រូវប្រែប្រួលផ្លាស់ប្តូរជានិច្ចក្រោមច្បាប់ធម្មជាតិ ហេតុនេះត្រូវឈប់គិតឈប់ខ្វល់ពីការប្រកាន់ខ្លួន ធ្វើតែអំពើល្អ ក្រៅពីនោះទុកឲ្យធម្មជាតិចាត់ចែងទៅចុះ ! ។ តើចិត្តញាប់ញ័រកើតឡើងនៅពេលណា?
គឺនៅពេលដែលគិតឃើញថាមានខ្លួន ឲ្យតែគេគិតឃើញថាមានខ្លួនចិត្តនឹងត្រូវញាប់ញ័រភ្លាម ឲ្យតែគិតឃើញថាខ្លួនត្រូវគេមើលងាយ ខ្លួនត្រូវស្លាប់ ខ្លួនត្រូវកើតទៀត នោះសភាពញាប់ញ័រនៃចិត្តបានកើតឡើងភ្លាមមួយរំពេច។កាលណាភាពអាត្មានិយមត្រូវរលាយខ្ចាត់ខ្ចាយអស់ នោះទុក្ខដោយការរំជួលចិត្តក៏ត្រូវវិនាសអន្តរធានអស់ទៅដែរ។បើគិតឃើញថា ឲ្យតែធម្មជាតិណាកើត ធម្មជាតិនោះរលត់ទៅវិញជាធម្មតា ហើយប្រតិបត្តិដោយយកចិត្តទុកដាក់ដើម្បីបានឃើញសេចក្តីពិត នោះការភ័យខ្លាចដែលនាំឲ្យចិត្តញាប់ញ័រនឹងមិនមានឡើយ ។

Comments