ឧត្តមគតិពុទ្ធសាសនាចំពោះជីវិតមនុស្សសត្វ ៖
១- ជីវិតមនុស្សនិងជីវិតសត្វមានលក្ខណះសំខាន់ចាំបាច់ដូចគ្នា មនុស្សមិនមែនជាក្រុមជីវិតដាច់ដោយឡែក ដែលមានសិទ្ធិអាចសំលាប់ផ្តាច់ផ្តិលជីវិតសត្វបានតាមចិត្តដូចជាការប្រៀនប្រដៅរបស់សាសនាផ្សេងៗនោះទេ ។ ប៉ុន្តែមនុស្សគឺជាក្រុមជីវិតដែលត្រូវអនុវត្តសីលធម៌ខ្ពស់ហួសខុសពីសត្វ រហូតក្លាយជាម្លប់ដល់សព្វសត្វ ។
២- គុណធម៌ខ្ពស់បំផុតរបស់មនុស្ស គឺការអាណិតអាសូរ ការអត់អោនលើកលែងទោសឲ្យគ្នា ដែលត្រូវបង្ហាញដល់់គ្រប់សត្វមានជីវិតទាំងអស់ គ្រប់ពេលវេលានិងគ្រប់ទីកន្លែងដោយឥតលក្ខ័ណ្ឌ ។
៣- ក្នុងការរស់នៅ មនុស្សត្រូវតែធ្វើឲ្យអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីការពារជីវិតខ្លួនឯងនិងជីវិតអ្នកដទៃ ដើម្បីជៀសវាងការឈឺចាប់ ឬ នាំឲ្យមានការបាត់បង់ជីវិត ដែលនាំឲ្យសៅហ្មងដល់អារម្មណ៍ទាំងអស់គ្នា ។ ព្រះសម្មាសម្ពុទ្ធបានត្រាស់ថា « ជីវិតទាំងអស់សុទ្ធតែភ័យតក់ស្លុតរន្ធត់ញាប់ញ័រនៅចំពោះមុខសេចក្តីស្លាប់ដូចៗគ្នា ព្រោះមានជីវិតជាទីស្រឡាញ់ទាំងអស់គ្នា ! បើអ្នកបានគិតដូច្នេះ អ្នកនឹងមិនសម្លាប់ឬបណ្តាលឲ្យនរណាម្នាក់ស្លាប់នោះទេ !» ។

