ក្នុងប្រទេសមួយអាចរីកចម្រើនទៅបាន លុះត្រាតែប្រជាជននៃប្រទេសនោះ មានចំណេះដឹងចេះគិតត្រឹះរិះពិចារណា ស្គាល់ហេតុស្គាល់ផលរៀងៗខ្លួន ទើបអាចប្រែក្លាយប្រទេសឱ្យឆាប់រីកចម្រើនបាន។ មានហេតុច្រើនយ៉ាងណាស់ ដែលជួយឱ្យមនុស្សមានចំណេះវិជ្ជា ដែលជាទ្រព្យជាប់នឹងដួងព្រលឹងវិញ្ញាណរបស់មនុស្ស។ ចំណេះវិជ្ជាដែលមនុស្សសម័យមុន និងសម័យបច្ចុប្បន្ននេះមាន គឺទទួលបានពីការអាន ការស្ដាប់ ការគិត និងអនុវត្តន៍ឱ្យចេញជាផ្លែផ្កា។កាលពីសម័យមុនបុរាណាចាររបស់យើង បានបន្សល់ទុកនូវឯកសារ ដោយចារឹកទុកនៅលើផ្ទាំងសិលាប្រាសាទថ្ម និងសាត្រាស្លឹករឹត សម្រាប់ទុកឱ្យកូនខ្មែរអានសិក្សាស្រាវជ្រាវរាវរកចំណេះដឹង។ ចំណេរកាលក្រោយៗមកទៀត មនុស្សចាប់ផ្ដើមចេះផលិតក្រដាសសៀវភៅ ដើម្បីកត់ត្រាឯកសារផ្សេងៗ បូករួមនិងគុណភាពខ្ពស់ ទុកបានរាប់ឆ្នាំ។ក្រោយពីការវិវត្តន៍ពីមួយសម័យកាលទៅមួយសម័យកាលមួយ ចូលដល់សតវត្សរ៍ទី២១នេះ បច្ចេកវិទ្យាបានដឹកដៃមនុស្សទៅរកពិភពថ្មីមួយទៀត គឺពិភពឌីជីថល។ នៅក្នុងប្រទេសកម្ពុជាយើង កំពុងតែបែងខ្លួនទៅជាសង្គមមួយដែលមានភាពទំនើប តែក៏រក្សាបាននូវវប្បធម៌ អរិយធម៌ ល្អមិនចាញ់ប្រទេសដទៃទៀតដែរ។ សង្គមឌីជីថលសព្វថ្ងៃនេះ បានធ្វើឱ្យការសិក្សារបស់ប្រជាជនកម្ពុជាកាន់តែងាយស្រួលជាងមុន ព្រោះសៀវភៅនិងឯកសាររាប់លានច្បាប់ ត្រូវបានតម្កល់ទុកនៅលើប្រព័ន្ធអ៊ីនធើណេត រងចាំកូនខ្មែរចូលអានក្រេបជញ្ជក់យកចំណេះដឹងមិនចេះរីងស្ងួត។
ថ្មីៗនេះដែរ App មួយដែលមានឈ្មោះថា D-Library ដែលបានប្រសូតចេញពីស្នាដៃច្នៃបង្កើតថ្មីរបស់ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ក៏ បានដាក់ចេញឱ្យប្រើប្រាស់ជាផ្លូវការ សម្រាប់អ្នកដែលស្រឡាញ់ពេញចិត្តអំណាន។ App ថ្មីនេះទៀតសោម បានផ្សំផ្គុំដោយសៀវភៅអេឡិចត្រូនិចពិសេសៗ ទាំងភាសាអង់គ្លេស និងខេមរភាសា។ លោកអ្នកអាចស្វែងរកសៀវភៅជាច្រើនក្បាលដូចជា វិទ្យាសាស្រ្តសង្គមនិងមនុស្សសាស្ត្រ, បច្ចេកវិទ្យា, កម្មវិធីសិក្សាពីថ្នាក់ទី១ ដល់ថ្នាក់ទី១២, ច្បាប់និងបទប្បញ្ញត្តិ, អាស៊ាន, រឿងព្រេងនិទាន, ប្រវត្តិសាស្ត្រ, និងសៀវភៅប្រភេទគណនេយ្យជាច្រើន។
ឯកសារទាំងអប្បាមាណខាងលើនេះ ត្រូវបានសម្រិតសម្រាំងយ៉ាងពិសេស ដោយភាគច្រើនជាសៀវភៅថ្នាក់ជាង ដូចជាគោលនយោបាយអភិវឌ្ឍន៍ប្រទេសយើងជាដើម។ លោកអ្នកអាចស្វែងរក App នេបានដោយគ្រាន់តែចូលទៅក្នុង Play Store ឬ App Store រួចវ៉ៃពាក្យថា D-Library និងដោនឡូតសម្រាប់អានជាការស្រេច៕

