ការកើតមកជាមនុស្សពិការ វាពិបាកណាស់សម្រាប់ខ្ញុំ មនុស្សពិការប្រភេទដូចខ្ញុំ បើតាមគំនិតអ្នកគិតខ្លី ខ្ញុំមិនសមរស់នៅឡើយ រាល់ការរស់នៅរបស់ខ្ញុំ វាពិតជាផ្តល់ការពិបាកយ៉ាងច្រើនដល់ខ្លួនឯងនិងមនុស្សជុំវិញ។ ក្នុងវិថីជីវិតខ្ញុំគ្រប់ពេលវេលា ជួបប្រទះបញ្ហាក្នុងផ្លូវចិត្តយ៉ាងស្កេះស្កះ វាពិតជាសមឱ្យខ្ញុំសម្លាប់ខ្លួនឯងណាស់ តែលទ្ធផលជាក់ស្តែង ខ្ញុំនៅតែមិនអាចសម្លាប់ខ្លួនឯងកើត ខ្ញុំដឹងថា វាជាចំណោទមួយដែលដាក់មកលើខ្ញុំ សម្បកកាយពិការ តើខ្ញុំត្រូវប្រើសម្បកកាយនេះយ៉ាងម៉េចឱ្យមានប្រយោជន៍? មួយថ្ងៃទៅមួយថ្ងៃខ្ញុំព្យាយាមប្រើសម្បកកាយដែលពិការនេះ ឱ្យមានប្រយោជន៍ដល់វិញ្ញាណខ្លួនឯងផងនិងដល់អ្នកដទៃផង។ ខ្ញុំមិនដែលរុញរាក្នុងភាពពិការទេ ខ្ញុំសែនចម្លែកក្នុងមនោអារម្មណ៍ណាស់ អំបាញ់មិញ ខ្ញុំបានឃើញមនុស្សម្នាក់សម្លាប់ខ្លួនឯង ដោយសារខ្លាចប្រលងធ្លាក់ តើអារម្មណ៍អ្នកសម្លាប់ខ្លួនឯងយ៉ាងម៉េចដែរ? បើសម្បកកាយគេជាខ្ញុំវិញ តើគេអាចនឹងរស់នៅដូចខ្ញុំទេ? ពុទ្ធោសង្វេគណាស់ មនុស្សម្នាក់មានសម្បកកាយល្អ បែរជាមកសម្លាប់ខ្លួនឯងវិញ ដើម្បីបានសម្រេចបំណងខ្លួនឯង ឯមនុស្សម្នាក់ទៀត មានសម្បកកាយពិការ បែរជាមកខំត្រដររស់នៅដើម្បីផ្តល់ជាផលប្រយោជន៍ខ្លួនឯងនិងអ្នកដទៃទៅវិញ។

