តារាវិទូមើលឃើញជាក់ស្តែងផ្ទាល់ភ្នែកជាលើកដំបូងនូវដំណើរការនៃការផ្ទុះនិងងាប់របស់ផ្កាយមួយនៅចម្ងាយ ៦០ លានឆ្នាំពន្លឺពីផែនដី
ក្រុមតារាវិទូដែលប្រើតេឡេស្កុបអវកាស Hubble និងឧបករណ៍សិក្សាអវកាសផ្សេងទៀតបានមើលឃើញទាន់ហេតុការណ៍ជាលើកដំបូងនូវផ្កាយមួយដែលងាប់នៅចម្ងាយ ៦០ លានឆ្នាំពន្លឺពីផែនដី និក្លាយទៅ Supernova (ការផ្ទុះផ្កាយដ៏មានឥទ្ធិពលនិងភ្លឺខ្លាំង) ដែលវាអាចផ្តល់ "ប្រព័ន្ធព្រមាន" សម្រាប់ផ្កាយផ្សេងទៀត។Supernova នោះដែលគេស្គាល់ថា SN 2020fqv គឺស្ថិតនៅក្នុងកាឡាក់ស៊ី Butterfly អន្តរកម្ម និងនៅក្នុងក្រុមតារានិករ Virgo ។អ្នកវិទ្យាសាស្ត្រអាចទទួលបានព័ត៌មានលម្អិត ដែលមិនធ្លាប់មានពីមុនមកនៃព្រឹត្តិការណ៍នេះ ដោយថតរូបទាំងមុននិងក្រោយពេលការផ្ទុះបានកើតឡើង។

ផ្កាយនេះត្រូវបានរកឃើញជាលើកដំបូងក្នុងខែមេសា ឆ្នាំ ២០២០ ដោយមណ្ឌល Zwicky Transient Facility នៅ Palomar Observatory ក្នុងទីក្រុង San Diego រដ្ឋ California។Ryan Foley ជំនួយការសាស្ត្រាចារ្យផ្នែកតារាសាស្ត្រនិងរូបវិទ្យានៅ UC Santa Cruz បាននិយាយថា "យើងធ្លាប់និយាយអំពីការងារ Supernova ដូចជាយើងជាអ្នកស៊ើបអង្កេតកន្លែងកើតហេតុឧក្រិដ្ឋកម្ម ដែលយើងនឹងបង្ហាញការពិត ហើយព្យាយាមរកឱ្យឃើញនូវអ្វីដែលបានកើតឡើងចំពោះតារានោះ" ។

"នេះគឺជាស្ថានភាពផ្សេងពីព្រោះយើងពិតជាដឹងថាមានអ្វីកើតឡើង ហើយយើងពិតជាបានឃើញការស្លាប់របស់ផ្កាយដោយផ្ទាល់ភ្នែក"។ផ្កាយនេះបានស្លាប់រាប់លានឆ្នាំមុន ប៉ុន្តែពន្លឺវាទើបមកដល់នៅពេលនេះប៉ុណ្ណោះ ព្រោះវាជ្រៅក្នុងលំហ។ផ្កាយរណប Transiting Exoplanet Survey Satellite (TESS) របស់ NASA ដែលប្រើដើម្បីសិក្សា និងរកឃើញភពខាងក្រៅក៏កំពុងសង្កេតមើល Supernova នេះផងដែរ ដែលអនុញ្ញាតឱ្យអ្នកតារាវិទូទទួលបានទិដ្ឋភាពជាច្រើននៃការផ្ទុះរបស់ផ្កាយ៕


