និទានធម្មៈ
ពីរនាក់ប្តីប្រពន្ធនាំគ្នាទៅវត្ត ប្រពន្ធដើរបណ្តើរគយគន់តាមផ្លូវបណ្តើរ ស្ងាត់អស់មួយស្របក់ប្រពន្ធបាននិយាយថា មើលហ្នកប៉ាវា យាយតាអស់នោះចំណាស់ហ្នឹងអស់ហើយ មិនព្រមទៅវត្ត ពេលស្លាប់ទៅរកធម៌ទីពឹងគ្មាននឹងគេទេ ! ។ ប្តីតបថា កំពុងតែដើរទៅរកបុណ្យកុំទើសគេទើសឯង ត្រូវតូចទាំងចិត្តតូចទាំងកាយ តើឯងបានអីជាទីពឹងខ្លះហើយនៅ ? ទៅសុំសីលគឺសម្រាប់យកមករក្សាខ្លួនឯងទេ អត់ចាំបាច់ត្រូវដើរចាប់បង្ខំអ្នកណាឲ្យមករក្សាទេ បើគេមិនទាន់យល់ ។ ប្រពន្ធស្តាប់ហើយបាត់មាត់ទៅ ពេលចូលដល់ក្នុងវត្តប្តីបានឃើញដូនចាស់ម្នាក់កំពុងបាញ់ទឹកអប់ថ្វាយដើមពោធិ ក៏លាន់មាត់ថា អញហួសចិត្តនឹងអ្នកដើរបាញ់ទឹកអប់ដាក់ដើមពោធិ ហើយថាបានមគ្គផល ថាបានបុណ្យ តើបុណ្យបានមកពីណា ? យ៉ាប់ហ្មង ! ។ប្រពន្ធទ្រាំមិនបានក៏និយាយ គេបាញ់គឺគេជ្រះថ្លានឹកដល់គុណព្រះពុទ្ធឯណោះ គេប្រារព្វដល់គុណព្រះទេតើ ហើយចុះឯងមិនមើល ព្រះអរិយះបុគ្គលមួយអង្គដែលលោកបានឮសម្លេងសត្វករវឹកយំ លោកជ្រះថ្លានឹកដល់សម្លេងព្រះ ខណះចិត្តលោកបានដល់សោតាឯណោះ ។ ប្តីបាត់មាត់មួយស្របក់ ក៏បែរមុខទៅចំតាចាស់ម្នាក់កាន់ដើមផ្កាប្រាក់ចងសុទ្ធតែក្រដាស់លុយដើរចូលមក ប្តីលាន់មាត់ មើលទៅដូចល្បែងក្មេងលេងវីុ ! នេះបានចំជាពួកអាចង់បានបុណ្យ ធ្វើអ្វីៗគឺដើម្បីតែខ្លួនបានតែប៉ុណ្ណោះ ! ។ ប្រពន្ធទ្រាំមិនបានក៏តប អោហ៍ ! តាបិុនេះយូរៗតិចក្លាយជាយីស៊ូវដោយមិនដឹងខ្លួន ?បុណ្យផ្កាប្រាក់នេះ ជាបុណ្យប្រពៃណីវប្បធម៌ជាតិ ឯងមិនមើលផ្លូវដែលឯងដើរលើសព្វថ្ងៃ ស្ពានបូរាណ សាលារៀនក្នុងវត្ត មន្ទីរពេទ្យជាដើម សុទ្ធតែកើតពីបុណ្យផ្កាប្រាក់នេះទាំងអស់ទេឬ ? ហើយរមណីយដ្ឋានជាតិនានាតើកើតមកពីណា ? អោហ៍ ! អាបិុនេះបើបានធ្វើរដ្ឋមន្ត្រីផងបែបបំផ្លាញទំនៀមទំលាប់ចោលអស់ម៉ត់មើលទៅ ? ។ហើយអារឿងចង់បានបុណ្យសម្រាប់ខ្លួនឯងនេះទៀតក៏មិនត្រូវបន្ទោសគេឯងដែរ ការរៀនសូត្រវាមានថ្នាក់តូចថ្នាក់ធំ តើឯងត្រូវទៅទើសជាមួយពួកកុមារមតេ្តយ្យឲ្យវាយល់ពីកម្មវិធីបាក់ឌុបឬ ? តើឯងត្រូវទៅច្របាច់កយាយតាអស់នោះឲ្យត្រាស់ដឹងអភិធម្មឬ ? សូម្បីនៅសាលាក៏គេលួងកូនក្មេងឲ្យចេះស្រឡាញ់សាលារៀន មានរូបមានសួនច្បារឲ្យវារត់លេង នៅវត្តក៏ដូចគ្នា ពួកណាចូលចិត្តមានខ្លួនដើរតាមពួកមានខ្លួនទៅ ពួកណាចូលចិត្តអត់ខ្លួនដើរតាមពួកអត់ខ្លួនទៅ ហើយបើស្តាប់ធម៌រៀនធម៌គឺដើម្បីតែទាស់គ្នាដដែលទេ ណ្ហើយអញដេកស្តាប់ចំរៀងវិញល្អជាង ! ។ និយាយចប់ពួកគាត់ដើរមកដល់សាលាឆាន់ល្មម រៀបអាហារថ្វាយសង្ឃចប់កិច្ចរួចអស់ហើយក៏នាំគ្នាដើរមកផ្ទះវិញ ប្តីនាំនិយាយមុន អើហ៍វីុម៉ែវា ព្រឹកនេះយើងបានចំណេញណាស់ ជួយដុសខាត់ទិដ្ឋិគ្នាម្នាក់បន្តិចធ្វើឲ្យត្រង់ផ្លូវជាងមុន ! ។ អើហ៍ឪវា ! សត្វលោកគួរឲ្យករុណាណាស់ ម្នាក់ៗគឺដឹងតែពីអញត្រូវ គេខុសគ្រប់ៗគ្នា ខ្លះខំជួយកែគេ តែមើលទំនងដូចជាជួយខ្លួនឯងមិនទាំងរួចផង ! តាមពិតធម៌ព្រះគឺដើម្បីពិនិត្យសំអាតចិត្តខ្លួនឯងសោះ ហើយបើករុណាចង់ជួយអ្នកដទៃ ក៏និយាយដោយមេត្តាចិត្ត តែប៉ុណ្ណោះ ! ។ ម៉ែវា ! គិតទៅទោសរបស់ទិដ្ឋិ សូម្បីតែពួករៀនធម៌ក៏ត្រូវចែកជាបក្សជាពួកដែរ ! លោកនេះគឺតែអញ្ចឹងសោះហ្ន ! អាហ្នឹងហើយបានកើតមានព្រះជាច្រើនសឹងពេញផែនដី មានវិន័យច្រើន តែព្រះពុទ្ធត្រាស់ថា ធម៌ណាវិន័យណាឲ្យតែនាំឲ្យជាប់ជំពាក់ក្នុងលោក នាំឲ្យក្តៅក្រហាយជាមួយលោក និងគ្មានសម្មាទិដ្ឋិ ធម៌នោះវិន័យនោះមិនគួរកាន់យកឡើយ ព្រោះជាធម៌នៅជាប់ក្នុងខន្ធ៥ហ្ន ! ពូមីងញញឹមដាក់គ្នាដោយការយល់ចិត្ត ។

