ចិត្តដែលប្រកបដោយរាគៈក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តប្រកបដោយទោសៈក៏ដឹងច្បាស់ថាចិត្តប្រកបដោយទោសៈ ចិត្តប្រកបដោយមោហៈក៏ដឹងច្បាស់ថាចិត្តប្រកបដោយមោហៈ ! ។ តាមសេចក្តីនេះ ព្រះដ៏មានព្រះភាគចង់ពន្យល់យើងថា សភាពចិត្តជាបុថុជ្ជនដែលនៅមានអវិជ្ជា តណ្ហា ឧបាទាន អារម្មណ៍តែងផុសឡើងមក គគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ មិននៅក្រោមអំណាចយើងឡើយ ម្តងស្រឡាញ់ ម្តងស្អប់ ម្តងអាល័យ ម្តងចង់នេះចង់នោះមិនឈប់ ប៉ុន្តែយើងត្រូវមានសតិតាមដឹងវា គឺត្រឹមតែដឹងហើយកុំពង្រីកវាថែមទៀត ការគិតពង្រីកថែមនោះហើយដែលនាំមកនូវបញ្ហា បើខឹងនឹងកាន់តែខឹងខ្លាំងឡើង បើចង់គឺរឹតតែចង់ខ្លាំងឡើង ។ ការដែលមិនមានសតិរលឹកដឹងទាន់ ហើយប្រកាន់មាំទៅលើគំនិតដោយអវិជ្ជានិងតណ្ហា គំនិតចេះតែរីកប៉ោងធំឡើងរហូតរឿងតូចក្លាយជារឿងធំ ពីគ្មានរឿងក្លាយទៅជាមានរឿងបាន ។ ចាំណា ! ក្នុងមគ្គមានអង្គ៨ គឺមាន « សមាធិ ! » ជាប្រធំប្រធានក្នុងអង្គ៧ផ្សេងទៀត ដើម្បីកើតសតិចំពោះបុថុជ្ជន វៀរបង់សមាធិមិនបានទេ ! ។

