មានផ្លូវ២ឲ្យអ្នកជ្រើសរើសដើម្បីភាពសប្បាយរីករាយនៅក្នុងជិវិត ផ្លូវមួយគឺដោយការខិតខំផ្លាស់ប្ដូរស្ថានភាពជីវិតរបស់អ្នក ផ្លូវមួយទៀតគឺផ្លាស់ប្ដូរទស្សនៈឬការគិតរបស់អ្នកទៅលើស្ថានភាពទាំងនោះចេញ ។ បើមិនពេញចិត្តចំពោះវត្ថុមួយ ដូរវាចេញទៅ បើដូរចេញមិនបាន ត្រូវដូរទស្សនៈខ្លួនឯងចំពោះវត្ថុនោះវិញទៅ។ ការរស់នៅជាមួយស្វាមីផឹកសុី ប្រពន្ធកាចពូកែរករឿង ម្តាយឪពុកក្មេកកាច ម្តាយឪពុកបង្កើតឈ្លោះគ្នាមិនមើលថែកូន ពីតំបូងយើងពិតជាខឹងមួរម៉ៅក្តៅក្រហាយ ចង់ឲ្យអ្វីៗនៅខាងក្រៅមកតាមចិត្តយើង ប៉ុន្តែទៅមិនរួចសោះ ភាពចម្រូងចម្រាស់កើតមានឡើងកាន់តែខ្លាំង ស្រាប់តែយើងប្តូរទស្សនៈនេះចេញ មកគិតក្នុងចិត្តថា យើងក៏ស្លាប់ គេក៏ស្លាប់ ដែលនៅមានចិត្តគិតទេ ចេះតែទាស់ចិត្ត តែស្លាប់ទៅបាត់ហើយ អ្វីៗត្រូវចប់ទាំងអស់ ! ។ ធម្មជាតិអ្វីៗសុទ្ធតែមិនទៀង ត្រូវការកើតរលត់បៀតបៀនគ្រប់វិនាទី យើងបានជួបគ្នាសុទ្ធតែធ្លាប់បានសាងកម្មរួមគ្នា ទាន់នៅមានជីវិតធ្វើល្អដាក់គ្នាទៅ ឈ្លោះគ្នាមិនដឹងជាបានអីក្រៅពីភាពក្តៅក្រហាយនៅមិនសុខតែប៉ុណ្ណោះ ! ។ ក្រោយពីយើងមានមេត្តាចិត្តចំពោះសភាវៈខាងក្រៅរួចហើយ លោកខាងក្រៅត្រូវប្រែប្រួលដូចជាគេក្រឡាប់ផែនដី សេចក្តីសុខចម្រើនឡើងសឹងមិនគួរឲ្យជឿ ! ។ កុំផ្លាស់ប្តូរលោកខាងក្រៅ ត្រូវផ្លាស់ប្តូរលោកខាងក្នុងវិញ ! ពេលខ្ញុំល្ងង់ ខ្ញុំចង់ផ្លាស់ប្តូរពិភពលោកនេះ ដល់ពេលខ្ញុំឆ្លាតទើបដឹងច្បាស់ថា ត្រូវផ្លាស់ប្តូរខ្លួនឯង នេះជាការភ្ញាក់រលឹកដ៏អស្ចារ្យរបស់មនុស្សដែលមានឧប្បនិស្ស័យជាមួយធម៌ ។ ចំណែកមនុស្សដែលត្រូវភាពអាត្មានិយមឬឧបាទានគ្របសង្កត់ គាត់នៅតែគិតថា គាត់មិនចុះចាញ់លោកខាងក្រៅជាដាច់ខាត គាត់ប្រយុទ្ធរហូតធ្លាក់ទៅនរកក៏មិនរាថយ ! នៅតទៅទៀតឲ្យបានសុខចុះណា ខ្ញុំលាអ្នកហើយ ! ។

