ទុក្ខទាំង១១កង គឺជាវិញ្ញាសារដែលជីវិតដាក់ឲ្យយើងប្រឡងគ្រប់គ្នាជាបន្តបន្ទាប់ ព្រះធម៌គឺជាមេរៀនសម្រាប់ប្រឡង ជួបគ្រូណាក៏បាន មិនថាអ្នកចេះមេរៀនយ៉ាងណានោះទេ ការប្រឡងធ្លាក់ឬជាប់គឺឋិតនៅលើអ្នកដដែលទេ ។ បងស្រីម្នាក់ចេះធម៌ច្រើនណាស់ ជួយពន្យល់គេឯងគ្រប់គ្នា ពេលស្វាមីជាទីស្រឡាញ់បានលាចាកលោកនេះទៅ បងហូរទឹកនេត្រារហាម បងនិយាយថាៈ លោកប្អូន ! បងមានទុក្ខខ្លាំងណាស់ ធម៌នឹកឃើញហើយ តែរុញទៅមកវិញ រុញទៅមកវិញ ស្វាមីបង ល្អជាមួយបងខ្លាំងណាស់ នឹកឃើញម្តងៗបងសឹងតែគាំងបេះដូងស្លាប់តាមប្តី ! លោកប្អូនជួយបងផង ! ។
បាទអ្នកបង នេះជាទុក្ខ « ព្រាត់សត្វសង្ខារជាទីស្រឡាញ់ណាបង » តើបងមានដែលពែនភ្នែនពិចារណាពីការព្រាត់គ្នានេះមកពីមុនរឿយៗទេបង ? ។
ចាស ! អត់ដែលទេលោកប្អូន បងដឹងច្បាស់ត្រឹមតែថា វាគឺជាច្បាប់ធម្មជាតិ តែក្នុងចិត្តបែរជាមិនចង់គិតរឿងនេះទៅវិញ ។
បាទបង ! បងសន្សំហេតុមិនទាន់គ្រប់ទេ ជវនសោយអារម្មណ៍នេះមិនទាន់ដល់កម្រិតនៅឡើយ ទើបបានជាប្រឡងជាមួយវាសឹងតែមិនជាប់ ! តទៅកាលណាចិត្តផុសការនឹកអាល័យចេញមក បងពន្យល់វាទៅ បើនៅតែមិនស្តាប់ ទីបំផុតមានតែអត់ធន់ជាមួយវាទេបង ហើយប្រាប់ខ្លួនឯងថា អញក៏ស្លាប់ដែរ មនុស្សក្នុងលោក មុនក្រោយសុទ្ធតែស្លាប់ទៅវិញទាំងអស់ ! ។ កិច្ចរបស់យើងមកកាន់លោកនេះ គឺដើម្បីបញ្ចប់ការកើតទៀតទើបយើងបានរួចពីទុក្ខដែលកើតពីការជួបព្រាត់ណាបង ! (បងស្រីអួលដើមកបន្តិចរលីងរលោងទឹកភ្នែក) ខ្ញុំនិយាយបន្តៈ ខ្ញុំតែងតែពិចារណារឿយៗពីសេចក្តីស្លាប់មិនដែលប្រហែសស្មារតីទេ ពេលខ្លះមានការលេងសើចបន្តិចមែន ប៉ុន្តែសតិព្រមស្លាប់ ព្រមព្រាត់ គ្រប់ពេលវេលាណាបង ។ សូមបងកុំនៅតែឯង ត្រូវធ្វើជីវិតឲ្យរវល់ទៅណា រវល់ទៅវត្តសុំសីល រវល់ទៅបុណ្យ រវល់តែសមាធិ វិបស្សនា រវល់ទៅស្តាប់ធម៌ ..... ចាស អរគុណលោកប្អូនហើយ ខ្ញុំនឹងព្យាយាមបន្តទៀត ! ។
ក្នុងទុក្ខទាំង១១កង តើអ្នកទាំងអស់គ្នាបានប្រឡងជាប់ទុក្ខមួយណាហើយនៅ ?

