ម្តាយគឺជាមនុស្សដែលថែរក្សាអ្នក

L

ម្តាយគឺជាមនុស្សដែលថែរក្សាអ្នក ៩ខែនៅក្នុងពោះ ៣ឆ្នាំនៅលើដៃ នឹងថែរក្សាអ្នកនៅក្នុងបេះដូងរបស់គាត់ទល់ថ្ងៃស្លាប់ ។ គ្មានគ្រួសារណានៅក្នុងលោកនេះល្អឥតខ្ចោះនោះទេ ម្តាយឪពុកខ្លះមាត់ធំមាត់តូចដាក់កូន តែក្នុងចិត្តពួកគាត់នៅពេលយប់គឺខ្លោចផ្សាអាណិតកូនខ្លាំងណាស់ បើបានជាជ្រុលដៃវាយកូន គាត់លបលាបថ្នាំឲ្យកូនបណ្តើរហូរទឹកភ្នែកបណ្តើរ មានតំណាលថា ដោយខឹងកូនមិនស្តាប់បង្គាប់ ម្តាយជេរកូនថា អាក្របីព្រៃវ័ធ ! ស្រាប់តែក្របីព្រៃចេញមកម្តាយរត់ទៅពាំងមុខក្របីការពារកូន ស្រែកឲ្យកូនឡើងដើមឈើរក្សាជីវិត ខ្លួនឯងសុខចិត្តស្លាប់ជំនួសកូន ! លើលោកនេះម្តាយក្រម្តាយមាន ស្រឡាញ់កូនដូចៗគ្នា មិនមែនម្តាយក្រខ្វះសេចក្តីស្រឡាញ់ជាងម្តាយមាននោះទេ ។ ពេលខ្លះម្តាយឪពុកឈ្លោះទាស់មិននិយាយរកគ្នា តែពេលកូនឈឺការតមពាក្យសម្តីនោះបែរជារំសាយបានដោយម្នាក់ៗរត់មករកកូនរៀងៗខ្លួន ទីបំផុតវានៅតែជាគ្រួសារដែលមានបង្កប់ក្តីស្រឡាញ់នៅក្នុងនោះជារៀងរហូត ! ។ 

Comments