វាត្រូវបានគេស្គាល់ថាជាភពភ្លោះនរករបស់ផែនដីនិងត្រូវបានអង្គការណាសាមិនអើពើអស់រយៈពេល ៣០ ឆ្នាំមកហើយ ដោយសារតែអ្នកវិទ្យាសាស្ត្រជាច្រើនជឿថាវាជាភព "ងាប់" ។ប៉ុន្តែឥឡូវនេះ ទីភ្នាក់ងារអវកាសអាមេរិកគ្រោងនឹងបញ្ជូនយានអវកាសថ្មីតម្លៃ ៥០០ លានដុល្លារទៅកាន់ភពព្រះសុក្រ ហើយបានចែករំលែកវីដេអូដ៏គួរឱ្យចាប់អារម្មណ៍មួយអំពីអ្វីដែលនឹងកើតឡើងនៅពេលដែលយានចុះចតដល់ផ្ទៃរបស់ភពនេះនៅដើមទសវត្សរ៍ឆ្នាំ ២០៣០ ។វាអនុញ្ញាតឱ្យអ្នកទស្សនាជិះកាត់បរិយាកាសមានជាតិពុលរបស់ភពនេះ ដើម្បីមើលថាតើការពិសោធន៍វិទ្យាសាស្ត្រអ្វីខ្លះដែលយានអវកាស DAVINCI+ នឹងអនុវត្តនៅលើផ្លូវឆ្ពោះទៅកាន់ភពឋាននរកមួយនេះ។

កាលពីដើមឆ្នាំនេះ អ្នកគ្រប់គ្រងណាសាលោក Bill Nelson បានបង្ហាញឱ្យដឹងថា បេសកកម្មទាំងពីរទៅកាន់ភពទីពីរពីព្រះអាទិត្យរំពឹងបាញ់បង្ហោះក្នុងរយៈពេល ១០ ឆ្នាំទៀត។យានមួយដែលគេដាក់ឈ្មោះថា VERITAS នឹងធ្វើគោចរជុំវិញភពព្រះសុក្រនិងមើលពពកក្រាស់របស់វា ដើម្បីគូរផែនទីផ្ទៃរបស់វា។

គោលបំណងគឺដើម្បីស្វែងយល់ពីប្រវត្តិភូមិសាស្ត្ររបស់ភពនេះ និងស្រាវជ្រាវពីមូលហេតុដែលវាវិវត្តខុសពីផែនដី។ វាក៏អាចរកឃើញថាតើភ្នំភ្លើង និងការរញ្ជួយដីនៅតែកើតឡើងនៅលើភពព្រះសុក្រដែរឬយ៉ាងណាផងដែរ។ប៉ុន្តែយាន DAVINCI+ នឹងឈានទៅមុខមួយជំហានទៀត ដោយចុះចតនៅលើភពដ៏ក្តៅគគុកមួយនេះ។នៅពេលដែលវាចុះដល់ផ្ទៃ យានស៊ើបអង្កេតបច្ចេកវិជ្ជាខ្ពស់នេះនឹងវាស់ស្ទង់បរិយាកាសពុលរបស់ភពនេះ ដើម្បីយល់ពីរបៀបដែលវាកកើតឡើងនិងវិវត្តខ្លួន។

យាននេះក៏នឹងកំណត់ផងដែរថាតើភពព្រះសុក្រ ដែលជាភពក្តៅបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ ដែលមានសីតុណ្ហភាពផ្ទៃ៥០០អង្សាសេ ធ្លាប់មានមហាសមុទ្រដែរឬអត់។ពេលនេះណាសាបានចេញវីដេអូថ្មីមួយ ដើម្បីបង្ហាញ យាន DAVINCI+ នឹងចុះចតលើភពភ្លោះរបស់យើងរបៀបណា។លោក Giada Arney ជាអ្នកវិទ្យាសាស្ត្រភពផែនដីនៅមជ្ឈមណ្ឌល Goddard Space Flight Center របស់ណាសាក្នុងរដ្ឋ Maryland បាននិយាយថា "ភពព្រះសុក្រកំពុងរង់ចាំយើងទាំងអស់គ្នា ហើយយាន DAVINCI+ បានត្រៀមខ្លួនរួចជាស្រេចដើម្បីនាំយើងទៅទីនោះ ហើយធ្វើឱ្យភពព្រះសុក្រកក្រើកសាជាថ្មី"។

យាន DAVINCI + គ្រោងនឹងបាញ់បង្ហោះទៅកាន់ភពព្រះសុក្រក្នុងឆ្នាំ២០២៩ មួយឆ្នាំបន្ទាប់ពីយាន VERITAS ត្រូវបានបង្ហោះ។ទីមួយ យានអវកាសនឹងចុះចតផ្ទៃសងខាងរបស់ភពនេះ ដើម្បីសិក្សាបរិយាកាសរបស់វា និងផ្ទៃពេលយប់។វានឹងសង្កេតមើលពីរបៀបដែលពពកប្រែប្រួលតាមពេលវេលា និងព្យាយាមកំណត់អត្តសញ្ញាណសារធាតុគីមីអាថ៌កំបាំងដែលស្រូបពន្លឺអ៊ុលត្រាវីយូឡេ៕

