ធម្មជាតិខ្វះចន្លោះមួយរបស់មនុស្ស គឺខឹងហើយប្រញាប់ប្រញាល់ធ្វើអ្វីមួយដើម្បីតំរូវតាមចិត្តខ្លួនឯង ជំនួសឲ្យការគិតពិចារណា គេវាយប្រហារតាមពាក្យសម្តីខ្លះ តាមកាយវិការខ្លះ រួចហើយគេពិបាកបំភ្លេចបានពីរឿងទាំងអស់នេះណាស់ ! តើទាំងអស់គ្នាបានអ្វីមកវិញខ្លះ ក្រៅតែពីចិត្តបាប និងការព្យាបាទគ្នាទៅវិញទៅមកនោះ ? ។ ការលុបបំបាត់សតិបញ្ញាស្មារតីនេះហើយ តែងផ្តល់នូវផលវិបាកច្រើនជាងផលប្រយោជន៍ ។ ជំនួសឲ្យគុណវិបត្តិដ៏ធំធេងនេះ សតិក្នុងសីល សតិក្នុងសមាធិ សតិក្នុងវិបស្សនា ជួយនាំយកក្តីស្រឡាញ់មកបំពេញផ្នែកខ្វះចន្លោះទាំងនេះបាន ។ សតិក្នុងសីលបានដាស់តឿនយើង កុំឲ្យមានការបង្កពៀរវេរា ការដាច់សីលនាំមកនូវទុគតិគឺអបាយភូមិយ៉ាងពិតប្រាកដ « គេធ្វើអាក្រក់មកលើយើង គឺជាកម្មរបស់គេ យើងប្រតិកម្មចិត្តគឺជាកម្មរបស់យើង » ។ សតិក្នុងសមាធិ បានដាស់តឿនយើងថា អ្វីដែលមានតំលៃបំផុតក្នុងលោកនេះគឺ ចិត្តស្ងប់ ! កុំឲ្យអាកប្បកិរិយា ពាក្យសម្តីអ្នកដទៃ មកបំផ្លាញចិត្តស្ងប់របស់យើងបានឲ្យសោះ ! ។ សតិក្នុងវិបស្សនា បានដាស់តឿនយើងថា លោកនេះអ្វីៗ មិនទៀងឡើយ យើងអាចស្លាប់បាត់មុនគេ គេអាចស្លាប់បាត់មុនយើង គ្មានអ្នកណាដឹងមុនបាននោះទេ ! សត្វលោកប្រព្រឹត្តិទៅតាមកម្មរៀងៗខ្លួនដូច្នេះឯង ព្រោះហេតុនេះត្រូវចេះថែរក្សាចិត្តឲ្យបានល្អ ជាជាងត្រូវខ្ទេចខ្ទាំដោយសារតែការមិនចេះអត់ធន់របស់អ្នកដទៃ វិវាទនៅក្នុងលោកនេះ កើតចេញពីការមានះ ប្រកាន់ទាំងអស់ ! ភារៈរបស់យើងគឺការហ្វឹកហាត់ដើម្បីទំលាក់ការប្រកាន់(ឧបាទាន)តែមួយមុខគត់ អរគុណអ្នកដទៃទៅ ដែលបានដាក់វិញ្ញាសារជីវិតសាកល្បងមកលើចិត្តអត់ធន់របស់យើង ! ប្រកាន់ធំប៉ុណ្ណា មានទុក្ខធំប៉ុណ្ណឹង អញធំទុក្ខធំ អញតូចទុក្ខតូច ! ។ លោកនេះមានត្រឹមតែហេតុបច្ច័យប្រព្រឹត្តិទៅ បានជួបព្រោះមានហេតុនាំឲ្យជួប ព្រាត់ទៅ ព្រោះមានហេតុនាំឲ្យព្រាត់ លោកធម៌៨នៅតាមដាស់តឿនយើងជានិច្ចវាជារលកជីវិតជួយយើងឲ្យមានការត្រាស់ដឹងបាន ។ កម្មវិបាកទាំងឡាយតែងជួបចំពោះសត្វលោកគ្រប់ៗគ្នាទេ ! រក្សាចិត្តខ្លួនឯងឲ្យបានល្អ ទើបស័ក្តិសមជាបុត្រព្រះពុទ្ធ ! ។

