អភិសមាចារ ( ភាពល្អក្រៃលែង )តាមផ្លូវកាយវាចាចិត្ត !
ព្រះអានន្ទបានទូលសួរព្រះពុទ្ធថា តើមុននឹងពោលតិះដៀលរិះគន់អ្នកដទៃ បុគ្គលត្រូវពិចារណាដូចម្តេចទៅព្រះអង្គ ? ព្រះមានព្រះភាគត្រាស់តបថា ម្នាលអានន្ទបុគ្គលកាលបើចង់ពោលតិះដៀលរិះគន់អ្នកដទៃ គប្បីត្រិះរិះដូច្នេះថា តើអាត្មាអញមានអភិសមាចារ តាមផ្លូវកាយ ផ្លូវវាចានិងផ្លូវចិត្តបានល្អហើយឬនៅ ? បើនៅទេ គប្បីប្រឹងប្រែងសំអាតផ្លូវកាយវាចាចិត្តខ្លួនឯងឲ្យបានល្អជាមុនសិន បើខ្លួនឯងធ្វើបានល្អហើយ គប្បីពិចារណាពិនិត្យចិត្តខ្លួនឯងថា តើការពោលចាប់ទោសកំហុសអ្នកដទៃនេះ មានលំអៀងដោយក្តីស្អប់ ដោយក្តីច្រណែនគេឬទេ ? បើក្នុងចិត្តមានមេត្តារឹងមាំល្អហើយ ចូរកុំពោលតិះដៀល ចូរពោលតែធម៌ បើគេមិនធ្វើតាម វាជាកិច្ចរបស់គេ ចំណែកយើងគឺចប់កិច្ចរបស់យើងហើយ ! ។ សត្វលោកតែងមានកម្មជារបស់ខ្លួនជាធម្មតាណាអានន្ទ ! ។ ព្រះអានន្ទបានរីករាយនឹងធម្មីកថារបស់ព្រះមានព្រះភាគ ! ។

