ស្ថានភាពរស់នៅរបស់មនុស្សក្នុងសង្គមលោកនេះ មានការខុសប្លែកពីគ្នា ពីមនុស្សម្នាក់ទៅម្នាក់ ពីគ្រួសារមួយទៅគ្រួសារមួយ ពីតំបន់មួយទៅតំបន់មួយ ពីសង្គមមួយទៅសង្គមមួយ ពីប្រទេសមួយទៅប្រទេសមួយទៀត ។ ព្រោះអ្វី? ពីព្រោះចិត្តគំនិតរបស់មនុស្ស និងបរិយាកាសធម្មជាតិ និងវប្បធម៌សង្គម ។
ចិត្តនេះណា មនុស្សម្នាក់ៗមានដូចគ្នា អ្នកណាៗក៏មានចិត្តដែរ បើគ្មានចិត្ត មនុស្សដូចជារូបជាតិ ភ្នំ សមុទ្រ វត្ថុផ្សេងៗ ដែលកើតឡើងតាមធម្មជាតិ និងកើតឡើងតាមការប្រឌិតកែច្នៃរបស់មនុស្សនោះហើយ ។ ជាការពិត ចិត្តដែលមនុស្សត្រូវបានតភ្ជាប់ពីវត្ថុ ដែលជាអារម្មណ៍ខាងក្នុងនិងខាងក្រៅ ដែលញ៉ាំងចិត្តមួយនេះ សន្សំ ដឹង ត្រិះរិះគិត ចាប់យកមកកពួនប្ដុំទៅតាមកម្លាំងអំណាចរបស់ខ្លួន ។ ចិត្តជាប្រធានវិស័យ ក្នុងគិតកែច្នៃរូបភាពផ្សេងដែលខ្លួនគិត បញ្ចេញតាមរយៈកាយ និងវាចារបស់ខ្លួន ។ កាយ និងវាចា ចាំតែទទួលព័ត៌មានបង្គាប់ការពីចិត្ត ។ ប្រសិនបើចិត្ត ចង់ប្រើកាយ ឲ្យបំពេញការងារផ្សេងៗ កាយត្រូវស្ដាប់បង្គាប់ធ្វើតាមការបញ្ជារបស់ចិត្ត ប្រសិនបើចិត្ត ចង់ប្រើវាចាឲ្យហាស្តីនិយាយទៅកាន់មនុស្សម្នាគ្រប់គ្នា វាចាត្រូវតែស្តាប់បង្គាប់ធ្វើតាមបទបញ្ជារបស់ចិត្ត ។ និយាយទៅ គ្មានអ្វីធំជាងចិត្ត ។

