មនុស្សគ្រប់គ្នាសុទ្ធតែទទួលស្គាល់អំពីតម្លៃនៃចំណេះដឹង ប៉ុន្តែក៏មានមនុស្សមិនតិចឡើយ ដែលបណ្តែតបណ្តោយឱ្យខ្លួនឯងល្ងង់ទៅវិញ។ គេយល់ច្បាស់ថា ចំណេះដឹងល្អ ប៉ុន្តែគេបែរជាយកលេសពីកត្តាផ្សេងៗ ដើម្បីបញ្ជាក់ថា គេគ្មានឱកាសទទួលបានចំណេះដឹង ដោយសារហេតុផលដ៏កម្សត់ណាមួយទៅវិញ។
ហេតុអ្វីត្រូវប្រើប្រាស់លេសដ៏កម្សត់ ដើម្បីបណ្តោយឱ្យជីវិតរបស់ខ្លួនកម្សត់ទៅវិញ? ជាទូទៅ មនុស្សកើតមកដើម្បីទទួលបានចំណេះដឹង មិនមែនដេកចាំចំណេះដឹងកើតឡើងចំពោះខ្លួននោះទេ។ មនុស្សមានមធ្យោបាយជាច្រើន និងសម្បូរបែបដើម្បីទទួលបានចំណេះដឹង ពិសេសក្នុងសម័យបច្ចេកវិទ្យាដ៏ទំនើបនេះ។
សៀវភៅរាប់សិបក្បាលដែលមានលក់នៅទីផ្សារ ដែលត្រូវតាមចំណង់ចំណូលចិត្ត ជំនាញឬការងារ ពិសេសចំណុចខ្សោយរបស់ខ្លួន។ ក្រៅពីសៀវភៅ ក្នុងវីដេអូ YouTube ដែលមានមេរៀនរាប់មិនអស់និងយ៉ាងសម្បូរបែប ហើយយើងអាចរៀនដោយឥតគិតថ្លៃ គ្រប់ពេលវេលានិងទីកន្លែង។ នៅមានវិធីជាច្រើនទៀត ដើម្បីទទួលបានចំណេះដឹង ប៉ុន្តែហេតុអ្វីបានជាយើងមិនប្តេជ្ញាចិត្តរៀន?

