រដូវបុណ្យភ្ជុំបិណ្ឌ
ចាប់តាំងពីសម័យបុរាណកាលរហូតមកដល់បច្ចុប្បន្ននេះ ពិធីបុណ្យភ្ជុំបិណ្ឌនេះ គេតែងតែប្រារឰនៅក្នុងរដូវវស្សា ព្រោះនៅ ក្នុងរដូវនេះ ពពួកប្រេតអាចមានឱកាសច្រើនក្នុងការស្វែងរកចំណីអាហារជាងរដូវផ្សេងៗទាំងអស់។ ម្យ៉ាងវិញទៀតនៅក្នុងវស្សាន រដូវអាហាររបស់ពួកប្រេត ដូចជាភក់ជ្រាំ ស្លេស្ម៍ កំហាក សាកសព ដែលកាកសំណល់អសោចិ៍ សម្បូរនៅក្នុងខែភ្លៀងផ្គរពព្រិច។ នៅ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃនេះ មានពពួកបេតជន(ពួកប្រេត)សាច់ញាតិទាំងប្រាំពីរសណ្ដាន ព្រមទាំងតំណញាតិច្រើន មហាកប្ប ដែលអត់ឃ្លានអាហារអស់រយៈពេលជាច្រើនខែមកហើយនោះ ត្រូវបានរួចផុតពីការឃុំឃាំង អនុញ្ញាតឱ្យមកស្វែងរកសាច់ ញាតិនៅតាមវត្ដអារាមផ្សេងៗ ដែលនាំយកចំណីអាហារផ្សេងៗមកឧទ្ទិសកុសលឱ្យខ្លួន។ ម្យ៉ាងវិញទៀត បើតាមសម្ដីចាស់ៗបុរាណ និយាយតៗគ្នាថា ក្នុងរយៈពេល១៥ថ្ងៃ បើពពួកបេតជនទាំងអស់នោះដើរស្វែងរកញាតិចំនួន៧វត្ដនៅតែមិនឃើញនោះ ពពួកប្រេត ទាំងអស់នោះនឹងស្រែកយំទន្ដ្រាំជើង ព្រោះតែការខកបំណង និងភាពស្រែកឃ្លានក្រហល់ក្រហាយក្នុងចិត្ដ។ ជាពិសេសពពួកបេតជន ទាំងអស់នោះនឹងជេរ ដាក់បណ្ដាសាដល់សាច់ញាតិ កូនចៅជាមិនខាន។

