ការតាំងចិត្តធ្វើ

L

ការធ្វើ់សមាធិត្រឹមតែមានក្តីសុខក្នុងការរស់នៅ គឺជាវិធីហ្វឹកហាត់ឲ្យខួរក្បាលស្គាល់ពីការសំរាក(relaxation)ធ្វើឲ្យចិត្តនិងរាងកាយស្ងប់ កាត់បន្ថយការភ័យខ្លាច ការព្រួយកង្វល់ ការស្លុតរន្ធត់ចិត្តនិងការសោកសៅ ធ្វើឲ្យចិត្តមានសមត្ថភាពគ្រប់គ្រងលើរាងកាយនិងសរីរាង្គខាងក្នុងខ្លួន។ ពេលដែលចិត្តស្ងប់ឈប់គិត ឋាមពលចិត្តអាចប្រាស្រ័យទាក់ទងជាមួយពិភពពន្លឺ ឋាមពលនេះនាំឲ្យមានអំណាចបង្កើតសតិសម្បជ្ជញ្ញៈ គឺបំផុសគំនិតវិជ្ជមាន នាំឲ្យកាត់បន្ថយជំងឺផ្លូវកាយ ផ្លូវចិត្តបាន ប៉ុន្តែសមាធិប្រភេទនេះនៅមិនទាន់ទទួលបានក្តីសុខពិតប្រាកដនៅឡើយទេ ព្រោះនៅមានការប្រកាន់នៅឡើយ ។ លោកុត្តរសមាធិ ជាសមាធិដែលមានគុណភាពចិត្ត ល្អប្រណីត ល្អិតវិសេសសុខុម ព្រោះឆ្ពោះទៅរកលះការប្រកាន់ លះការប្រាថ្នា សម្បយុត្តដោយមគ្គនិងផល ព្រោះមានការសម្លឹងអារម្មណ៍និងការមើលឃើញសង្ខារធម៌តាមសេចក្តីពិត(មិនទៀង ជាទុក្ខជាអនត្តា ប្រែប្រួលតាមហេតុបច្ច័យបង្គាប់បញ្ជាមិនបាន) ។ សមាធិប្រភេទនេះមានកម្លាំងខ្លាំងក្លាអស្ចារ្យណាស់ អំណាចចិត្តអាចបញ្ជារូបកាយបានតាមប្រាថ្នា ។ សីលស្អាតជាទំរសមាធិ ចិត្តស្ងប់ពិនិត្យឃើញរូបនិងនាមបានច្បាស់ល្អ សីលសមាធិ វិបស្សនារមែងជួយដុសខាត់គ្នាទៅវិញទៅមក ជាហេតុជិតនៃព្រះនិព្វាន ព្រោះនាំទៅដល់ការរលត់ទៅនៃលោភៈ ទោសៈ មោហៈ ជាសមុច្ឆេទ្ទ ។ បើគ្មានការតាំងចិត្តធ្វើ លោកិយសមាធិរមែងមិនកើតឡើង បើគ្មានលោកិយសមាធិកើតឡើង ក៏គ្មានលោកុត្តរសមាធិកើតឡើងដែរ ។

Comments