មនុស្សម្នាក់ដែលមានចិត្តមេត្តាករុណាពេញបេះដូងហើយ បើទោះជាលោកនេះខ្វះខាតប៉ុណ្ណា ក៏គេនៅតែជាមនុស្សដែលគ្រប់គ្រាន់ដែរ គេនៅតែប្រើជីវិតក្នុងការចែករំលែកបានជានិច្ច ។ ផ្ទុយទៅវិញ បើក្នុងបេះដូងមានតែភាពកំណាញ់ឬស្យា មានតែភ្លើងកំហឹង បើទោះជាលោកនេះពោរពេញដោយគ្រឿងបរិក្ខារ ក៏ភាពខ្វះខាតនៅពេញណែនក្នុងខួរក្បាលរបស់គេដែរ ក្រោកពីដេកបើកតែភ្នែកឡើងមើលឃើញតែតំរូវការ និងការប្រើពាក្យសំដីដែលមិនស្មោះត្រង់តែប៉ុណ្ណោះ ! ។ ត្រូវចេះស្តាប់គំនិតដែលមាននៅក្នុងខួរក្បាល ហើយត្រូវចេះបែងចែកថាខុសឬត្រូវផង កុំចេះតែតាមវាខ្លាំងពេក ប្រយ័ត្នមានគ្រោះថ្នាក់ដល់ខ្លួនឯង ។ ត្រូវចេះហាមឃាត់កុំឲ្យវានិយាយច្រើនពេក បើសុទ្ធតែជាពាក្យដែលអត់ប្រយោជន៍នោះ កុំរវល់តែស្តាប់វាភ្លេចថាខ្លួនគឺកំពុងតែដើរឆ្លងផ្លូវ ។ ការស្តាប់គំនិតខ្លួនឯងរហូតដល់ធ្លាក់ក្នុងភាពអណ្តែតអណ្តូង មិនយូរទេគង់នឹងជួបបញ្ហាជាមិនខាន ព្រោះចិត្តនឹងប្រតិបត្តិដូចជាសត្រូវ ចំពោះជនដែលមិនចេះគ្រប់គ្រងវាឲ្យបានល្អនោះឯង ! ។

