ទុក្ខបើពោលដោយន័យ៤គឺៈ
១- ទុក្ខទុក្ខៈ ជាទុក្ខលំបាកវេទនាក្នុងការរស់នៅ លំបាកផ្លូវកាយហើយ លំបាកផ្លូវចិត្តថែមទៀត ទុក្ខត្រួតលើទុក្ខ ប៉ុន្តែបើគេបានអប់រំចិត្តយល់ច្បាស់ពីដំណើរជីវិតហើយ « ជីវិតគឺតែអញ្ចឹង ! » គេមានទុក្ខតែតាមផ្លូវកាយតែប៉ុណ្ណោះ បើកាយលំបាកហើយ មិនត្រូវគិតឲ្យលំបាកចិត្តថែមទៀតទេ ទុក្ខបែបនេះគឺដូចជាទុក្ខរបស់អ្នកជំងឺ ។
២- សភាវៈទុក្ខៈ គឺជាទុក្ខដែលកើតឡើងពីការប្រែប្រួលនៃសភាវធម៌ ដែលមានការបៀតបៀនដោយការកើតរលត់ជាលក្ខណៈ ជាការប្រែប្រួលរបស់នាមនិងរូបមានភាពចាស់ទ្រុឌទ្រោមគ្រាំគ្រានៃខន្ធជាដើម ។ ដំណោះស្រាយគឺត្រូវតែយល់ឲ្យបានច្បាស់ថា វាគឺជាច្បាប់ធម្មជាតិដែលមិនមានអ្នកណាអាចគេចផុតបានឡើយ ហេតុនេះការព្រមទទួលគឺជាសុខ ។
៣- វិបរិណាមទុក្ខៈ ទុក្ខលំបាកព្រោះប្រែប្រួលរឿងរ៉ាវនៅខាងក្រៅ សុខរលត់បាត់ទៅដូរជាទុក្ខមកវិញ វាជាទុក្ខដែលត្រូវដោះស្រាយបញ្ហា ។ ដំណោះស្រាយគឺ ពេលជួបបញ្ហាត្រូវផ្តោតលើដំណោះស្រាយ(មើលផ្លូវណាដើរបាន ដើរភ្លាមទៅ ផ្លូវណាដើរទៅមិនរួចរកផ្លូវមួយផ្សេងទៀតភ្លាម) មិនមែនផ្តោតលើការឈឺចាប់ ការមួរម៉ៅក្តៅក្រហាយទេ ។
៤- ទុក្ខអរិយសច្ចៈ គឺសារុបទុក្ខបីខាងលើក្នុងទុក្ខអរិយសច្ចៈ ។ ទុក្ខបើពោលដោយន័យពីរគឺ ទុក្ខអរិយសច្ចៈ១ និង ទុក្ខលក្ខណៈក្នុងត្រៃល័ក្ខណ៍មួយ ។

