ជនទាំងឡាយតែងមិនដឹងខ្លួនថា ខ្លួននឹងវិនាសនៅថ្ងៃណាមួយដូច្នេះឡើយ ចំណែកជនដែលដឹងខ្លួនថា ខ្លួនពិតជាមិនអាចធន់ទ្រាំជាមួយការកើតរលត់បាន យល់ច្បាស់ថា សង្ខារធម៌ទាំងឡាយមិនទៀងដូច្នេះ ការឈ្លោះប្រកែកគ្នា ការចង់ចាញ់ចង់ឈ្នះគ្នា ការគុំគួនសងសឹកគ្នា ការគិតឈឺចាប់កំសត់ឯកោ សុទ្ធតែជារឿងអត់ប្រយោជន៍ ចិត្តគេទូលាយ មានការសន្តោសប្រោសប្រណី អ្វីដែលគេត្រូវធ្វើគឺឆ្ពោះទៅកាន់ទីរំលត់ទុក្ខ ។ ជីវិតរបស់គេរមែងដើរលើមាគ៌ាមគ្គមានអង្គ៨ អរិយសច្ចៈ៤ យ៉ាងស៊ប់សួននិងត្រឹមត្រង់ឥតវៀចវេរ ឥតកែប្រែឡើយ ។ បុគ្គលដែលដឹងខ្លួនថា ខ្លួនជាអ្នកស្លាប់ មានជីវិតរស់នៅត្រឹមតែមួយថ្ងៃ រមែងមានប្រយោជន៍ជាងបុគ្គលដែលមិនដឹងខ្លួនថាជាអ្នកស្លាប់រស់នៅអស់រយនៃឆ្នាំ ! ។

