អំនួតនិងកិត្តិយសវាគ្មាននៅក្នុងពុទ្ធសាសនាទេ ព្រោះបើគេយល់ដឹងពីអនត្តាធម៌បានត្រឹមត្រូវហើយ គេនៅសល់តែក្តីមេត្តាដ៏ក្រៃលែងតែប៉ុណ្ណោះ ។ ពុទ្ធសាសនាបានរកឃើញអំណាចចិត្តនឹងវិធីប្រើវាប្រកបដោយកិត្តិយស(ការបរិនិព្វានដោយឬទ្ធិ) ការប្រៀនប្រដៅទាំងអស់សុទ្ធតែដឹកនាំមនុស្សឲ្យចេះវិភាគពិចារណា ទៅលើបញ្ហាជីវិត នឹងការរកផ្លូវដោះស្រាយបញ្ហាដោយសន្តិវិធីទាំងអស់ ។ ការដណ្តើមអំណាច ដណ្តើមការគ្រប់គ្រងគ្នា ដោយអំពើឃាតកម្មផ្សេងៗ សិស្សត្រូវតែគោរពប្រតិបត្តិតាមគ្រូដោយគ្មានលក្ខ័ណ្ឌ គោរពតាមគម្ពីរធម៌ដែលគ្រូបានតែង ការកាន់ជើងគ្នាដើម្បីបង្កជាជំលោះ រឿងនេះកំរកើតមានក្នុងប្រវត្តិពុទ្ធសាសនាណាស់ ។ ត្រឹមតែសីល៥ គឺមានគោលដៅទៅគ្រប់គ្រងខ្លួនឯងឲ្យបានល្អ ដើម្បីកុំឲ្យបង្កើតជាពៀរវេរា សិក្ខាបទទីមួយគ្រប់គ្រងតណ្ហានិងកំហឹង សិក្ខាបទទីពីរ គោរពកម្មសិទ្ធអ្នកដទៃ សិក្ខាបទទីបីសាងភាពស្មោះត្រង់ សិក្ខាបទទីបួនគ្រប់គ្រងចរិយាធម៌ សិក្ខាបទទីប្រាំថែទាំសុខភាពខ្លួនឯងឲ្យបានល្អ ។ ការអប់រំទាំងអស់នាំមកនូវប្រយោជន៍និងសេចក្តីសុខក្សេមក្សាន្តដល់ពិភពលោកនេះទាំងមូល ។

