កាលបើធម្មជាតិទាំងបីនេះរួមដៃគ្នាហើយ រមែងជួយដុសខាត់គ្នាទៅវិញទៅមកឲ្យកាន់តែរីកចំរើនឡើង ដើម្បីបំបែកឧបសគ្គក្នុងជីវិតគឺ សក្កាយៈនិងឧបាទានដែលតែងតែលបពួននៅពីក្រោយឧបសគ្គធំៗក្នុងការរស់នៅ ។ សិក្ខាទាំងបីពង្រឹងការដឹងសព្វ ព្យាយាមរំងាប់តណ្ហាដែលជាមេបញ្ហារួចហើយរំដោះខ្លួនពីីនីវរណៈ៥ដែលជាគ្រឿងចងរួបរឹតសត្វលោកមិនឲ្យចេញពីវដ្តៈទុក្ខនេះបាន ។ កំពូលភ្នំមានហើយ តែអ្នកឡើងខ្លះនៅវង្វេងត្រឹមជើងភ្នំ ខ្លះឡើងដល់ចង្កេះភ្នំក៏របូតដៃធ្លាក់ចុះមកវិញ ខ្លះជិតដល់កំពូលត្រូវសត្វកាចយាយី តែយ៉ាងណាក៏ដោយក៏ម្នាក់ៗមានចេតនាឡើងឲ្យដល់កំពូលភ្នំដូចៗគ្នា ។ គោលដៅពុទ្ធបរិស័ទគឺបំបែកការមានះប្រកាន់និងសក្កាយទិដ្ឋិ ព្រោះហេតុនេះគេពុំសូវឃើញអ្នកចូលដល់កិច្ចបដិបត្តិមានវិវាទធំដុំនឹងគ្នាណាស់ ! ។

