អ្វីទៅជាចិត្តអាក្រក់ ចិត្តសៅហ្មង ?

L

តើធ្វើដូចម្តេចទើបកំចាត់ចិត្តអាក្រក់ឬហៅថាកិលេសទាំង១៥០០បាន ?
ត្រូវរស់នៅជាមួយខ្លួនឯងឲ្យបានច្រើន កុំចោលចិត្តគិតទៅតែខាងក្រៅបំភ្លេចការគិតពីខ្លួនឯង ។ វិជ្ជានេះព្រះពុទ្ធបានបង្រៀននៅក្នុងមហាសតិប្បដ្ឋានសូត្រ ត្រូវតាមឃ្លាំមើលការគិត រវាំងមើលតាមទ្វារទាំង៦(ទ្វារភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ) រារាំងធាតុអាក្រក់ពីក្រៅកុំឲ្យចូល និងធាតុអាក្រក់ពីក្នុងកុំឲ្យកើត ឬ កើតឡើងហើយតែគ្មានប្រសិទ្ធិភាព គ្មានបានផល ។ ត្រូវស្គាល់ថា អ្វីទៅជាចិត្តអាក្រក់ ចិត្តសៅហ្មង ? ការគិតទាំងឡាយណាដែលនាំទៅដល់ការបំផ្លាញឬបៀតបៀនដល់ខ្លួនឯង និងអ្នកដទៃឈ្មោះថាជាចិត្តអាក្រក់ ឬពាក្យសម័យថ្មីថាជាគំនិតអវិជ្ជមាន។ កិលេសជាធម្មជាតិឬជាគ្រឿងនាំចិត្តឲ្យសៅហ្មង នាំចិត្តឲ្យអន្ទះអន្ទែងក្តៅក្រហាយ នាំចិត្តឲ្យជ្រួលច្របល់ នាំចិត្តឲ្យខ្លបខ្លាចឬ ឲ្យព្រហើន នាំចិត្តឲ្យសោកសៅ អស់សង្ឃឹម ភ័យខ្លាច ស្អប់ខ្ពើមជាដើម ។ និយាយឲ្យល្អិតគឺការគិតទាំងឡាយណាដែលនាំឲ្យបាត់បង់ក្តីសុខ បាត់បង់សន្តិភាព ឬ ឧបេក្ខាចិត្ត គឺជាចិត្តត្រូវពុលដោយកិលេស ។ ត្រូវស្គាល់កិលេសឬចិត្តអាក្រក់ឲ្យបានច្បាស់ ពេលវាកើតឡើងដោយហេតុណាក៏ដឹង រលត់ទៅវិញដោយហេតុណាក៏ដឹង ពេលវាកើតឡើងត្រូវចេះត្រិះរិះបង្វែរវាមកជាគំនិតវិជ្ជមានវិញឲ្យបាន ចិត្តលោភលន់ ចិត្តស្អប់ខ្ពើម ចិត្តគិតវង្វេងរាយមាយ សុទ្ធតែជាចិត្តអាក្រក់ ត្រូវចេះរំលត់វាដោយបញ្ញា ចាប់ចោរបើមិនស្គាល់មុខចោរទេចាប់មិនបានឡើយ ចាប់ចិត្តអាក្រក់ក៏ដូចគ្នា ! ចូររស់នៅជាមួយខ្លួនឯងដោយប្រុងប្រយ័ត្នចុះ ឈ្មោះថាជាការរស់នៅមិនមានក្តីប្រមាទ ។ គោលបំណងពុទ្ធបរិស័ទ គឺបង្កើតចេតនាយ៉ាងខ្លាំងក្នុងអំពើល្អសប្បុរសធម៌និងការត្រាស់ដឹង ហេតុនេះត្រូវចេះជួយលើកទឹកចិត្តគ្នា ដើម្បីជាប្រយោជន៍ដល់សត្វលោក ។ពាក្យថាធម្មៈប្រែថាជាការបំភ្លឺគំនិត ឬ ជាសិល្បៈនៃការផ្លាស់ប្តូរការគិត ដើម្បីរឹតបន្តឹងដល់សន្តិភាពនិងសេចក្តីសុខផ្ទាល់ខ្លួន។ភាពខុសគ្នាវាពិតជាមាននៅក្នុងខ្លួនមនុស្សម្នាក់ៗ ប៉ុន្តែតើយើងខំរកវាឲ្យឃើញ ដើម្បីសេចក្តីសុខ ឬ ដើម្បីឲ្យកើតទុក្ខ ? ត្រូវចេះប្រើសក្តានុពលដើម្បីរកមើលឲ្យឃើញលក្ខណះរួមរបស់មនុស្សវិញម្តង ដើម្បីបង្កើនគុណភាពការគិតនិងសុខសន្តិភាពជាសកលមិនល្អទេឬ ! ។

Comments