ពលី៥យ៉ាងៈ

L

ពលី៥យ៉ាងៈ
ពលីប្រែថាការបូជា ការថ្វាយសួយ អាករ ការឲ្យ តង្វាយ សំណែន ការសង្គ្រោះ ការឲ្យចំណែកបុណ្យ (វចនានុក្រមសម្តេចសង្ឃរាជ)។ពលី៥យ៉ាងដែលព្រះពុទ្ធបានត្រាស់ទុកមានកត់ត្រាក្នុងសុត្តន្តបិដកលេខ៥៦ទំព័រ៣ឡើងទៅថាៈម្នាលគហបតីអ្នកចូរធ្វើនូវពលី៥ប្រការគឺ
១- ញាតិពលីៈការជួយសង្គ្រោះញាតិរមែងមានផល។
២- អតិថិពលីៈការឲ្យទានដល់ភ្ញៀវទាំងឡាយរមែងមានផល(ជនជាតិចិនគេធ្វើនំសែនលោកខែជូនគ្នា)។
៣- បុព្វបេតពលីៈការឧទ្ទិសបុណ្យដល់ញាតិទាំងឡាយដែលទៅកាន់បរលោករមែងមានផល។
៤- រាជពលីៈការបង់ពន្ធជូនរដ្ឋរមែងមានផល(អ្នកគេចពន្ធគឺជាព្រូនសង្គម)។
៥- ទេវតាពលីៈការថ្វាយតង្វាយដល់ទេវតារមែងមានផល គឺត្រូវទេវតាតាមថែរក្សាវិញ។
សុខទុក្ខនៅក្នុងលោកទាំងបីខុសគ្នាតាមលំដាប់ឋានរៀងខ្លួនៈ
នរក ប្រេត តិរិច្ឆាន អសុរកាយ ដោយហោចទៅត្រឹមតែតិរិច្ឆានដែលយើងមើលឃើញនឹងភ្នែក គឺមានជីវិតដែលពោរពេញទៅដោយទុក្ខ ពិបាករកអាហារ គ្មានមធ្យោបាយការពារជីវិត ការពារជំងឺដំកាត់ ឋាននេះកុសលកម្មគ្មានឪកាសឲ្យផលទេ មានតែអកុសលកម្មប៉ុណ្ណោះដែលឲ្យផលបាន។ពួកទេវតាមានសេចក្តីសុខច្រើន មិនពិបាកស្វែងរកអាហារនំចំណី សំលៀកបំពាក់និងការងារ ចំណែកពួកព្រហ្មរឹតតែមានសេចក្តីសុខស្ទើរតែគ្មានទុក្ខ ដោយពួកគេទទួលក្តីសុខពីការចំរើនឈានចិត្ត ជាបន្តបន្ទាប់ តែទោះយ៉ាងណាក៏ដោយ ក៏ពួកទេវតានិងព្រហ្មមិនអាចបំពេញកុសលដូចជាពួកមនុស្សបានឡើយ មនុស្សអាចញ៉ាំងសេចក្តីព្យាយាមរហូតដល់បានត្រាស់ដឹងជាព្រះពុទ្ធ ព្រោះហេតុនេះការបានកំណើតជាមនុស្ស រាប់ថាជាសំណាងធំណាស់ មិនត្រូវវង្វេងព្រោះតែលោកនេះ ភ្លេចកំណើតដ៏មានតំលៃរបស់ខ្លួួនឲ្យសោះ ! ត្រូវខំបំពេញសេចក្តីល្អ និងអប់រំចិត្ត ដើម្បីធ្វើឲ្យសំសារវដ្តខើចខ្លី ឆាប់បានបញ្ចប់ក្តីទុក្ខសោកពីកំណើតនៅក្នុងលោក ទើបឈ្មោះថាមានសម្មាទិដ្ឋិ ! ។

Comments