បើកូនចង់ក្លាយជាមនុស្សល្អ !
បដិវត្តដែលកូនត្រូវធ្វើមុនគេ គឺការផ្លាស់ប្តូរខ្លួនឯង ផ្លាស់ប្តូរភាពមានៈប្រកាន់ ដោយទទួលយកការស្តាប់ពីគ្រប់ទិសទី ហើយយកមកគិតវិភាគឲ្យបានត្រឹមត្រូវ កុំទទួលយកគំនិតតែមួយជ្រុងយកមកធ្វើជាមោទនភាពផ្ទាល់ខ្លួនឲ្យសោះ ! ។ កូនអើយ ! មនុស្សល្អគឺជាគោលបំណងតែមួយគត់របស់មហាបុរសក្នុងការជួយមនុស្សសុទ្ធសាធ វាមិនមែនជាមុខរបរទេ ហេតុនេះអ្នកមិនត្រូវធ្វើឲ្យមនុស្សមានការឈឺចាប់ព្រោះតែគំនិតរបស់ខ្លួនឯងឡើយ ។
បដិវត្តបន្ទាប់មកទៀត ដែលកូនត្រូវប្រុងប្រយ័ត្នជាទីបំផុត គឺបដិវត្តប្រពៃណីវប្បធម៌និងសាសនា ព្រោះវាគឺជាជំរៅដួងចិត្តមនុស្ស បទពិសោធពិភពលោកមិនដែលមានអ្នកណាធ្វើបានសម្រេចឡើយ បើទោះជាត្រូវពលីមនុស្សអស់ពីផែនដីក៏ដោយក៏មិនអាចបំបាត់សំណាមវាសនានិងឧបនិស្ស័យរបស់គេបានដែរ ។ លេនីន កាល់ម៉ាក្ស ម៉ៅសេទុង ហូជីមិញធ្លាប់និយាយថា សាសនាវាគ្រាន់តែជាអាភៀនកាន់តែជក់គឺកាន់តែញៀនវាបានធ្វើឲ្យប្រជាជនទន់ខ្សោយតែប៉ុណ្ណោះ ! ។ ពួកគាត់ខំសម្លាប់គេផងបំបិទគេផង ដល់តែពួកគាត់ងាប់បាត់អស់ទៅឥឡូវស្រុកអស់នោះកើតមានប្រពៃណីសាសនាឡើងវិញដដែល ! អ្នកដឹកនាំខ្លះធ្វើបានត្រឹមម៉ាគេទាក់ករូបចម្លាក់អូសទំលាក់ទឹកដូចលេនីនជាដើម ក្មេងជំនាន់ក្រោយនាំគ្នាលាត់ជើងខោបាញ់នោមដាក់ដោយចិត្តពុះពោរក្នុងការស្អប់ខ្ពើម ។ ធនញ្ជ័យធ្លាប់បានផ្តាំកូនចៅថា ស្ងោរត្រីព្រួលកុំចោលស្រការ ស្ងោរត្រីប្រាកុំចោលស្រកី នេះបើកូនចង់ធ្វើជាមនុស្សល្អក្នុងឋានៈខ្ពង់ខ្ពស់ ។

