ស្នេហាដែលបានធ្វើឲ្យមនុស្សខ្វាក់

L

ស្នេហាដែលបានធ្វើឲ្យមនុស្សខ្វាក់ វាបានជីកកប់ជីវិតមនុស្សក្នុងភាពឈ្លក់វង្វេងនិងងងឹតងងល់ ស្នេហាដែលបានជួបនឹងការប្រទានពរ ព្រោះម្នាក់ៗបានលុបបំបាត់ខ្លួនឯងចោល ទុកដាក់ជីវិតឲ្យមនុស្សដែលខ្លួនស្រឡាញ់ថែទាំ ដែលផ្ទុយពីគូស្នេហ៍ខ្លះ និយាយថា បងគឺជាម្ចាស់ជីវិតអូន ឬ អូនគឺជាម្ចាស់ជីវិតបង ដែលតាមពិត អូនចង់យកបង ឬ បងចង់យកអូនមកគ្រប់គ្រង មិនមែនយកមកថែទាំទេ គេចេះតែនិយាយមិនដូចចិត្ត ក្បត់ពាក្យសន្យា ហេតុនេះហើយទើបបានជាការរស់នៅចេះតែមានបញ្ហាមិនចេះចប់ ។ មេរៀនដែលជ្រៅបំផុត និង ពិបាកបំផុតគឺមេរៀនផ្លូវចិត្តនេះហើយ ពេលខ្លះគេចេះតែនិយាយទាំងមិនយល់ពីខ្លឹមសាររបស់វា ពេលខ្លះគេចេះតែគិតដោយមិនដឹងថាគំនិតនេះគឺកំពុងតែបំផ្លាញខ្លួនឯងនោះទេ ដើម្បីប្រឡងជាប់ជាមួយវិញ្ញាសារជីវិត គឺដាច់ខាតកុំដណ្តើមយកពាក្យត្រូវតែម្នាក់ឯង ហើយទំលាក់ភាពខ្វះចន្លោះឲ្យអ្នកដទៃ ត្រូវមានយុត្តិធម៌ទាំងអស់គ្នា ព្រោះគ្មាននរណាម្នាក់ចេះតែខុសរហូតនោះទេ ។ កុំបារម្ភពីគូស្នេហ៍ថាគេមិនយកចិត្តទុកដាក់ពីអ្នក រហូតដល់បង្កើតជាបញ្ហាឲ្យខ្លួនឯង ប្រើតែក្តីស្រឡាញ់ទៅគេនឹងយល់ពីអ្នកហើយ ។ អ្នកមានជីវិតនេះតែមួយគត់ តើអ្នកត្រូវចំណាយវាដោយសារអ្វី ? ដើម្បីតែការសុំទោស ការស្តាយក្រោយ ការស្អប់ខ្ពើម ការរត់ចេញពីមនុស្សដែលខ្លួនធ្លាប់ស្រឡាញ់ ឬ ក៏ត្រូវនៅសាងជោគជ័យឲ្យជីវិតខ្លួនឯង ?​ធ្វើអ្វីដែលនាំឲ្យមានអារម្មណ៍ល្អទៅ កុំបង្កើតហានិភ័យឲ្យជីវិត ! អ្នកមានជីវិតនេះតែមួយគត់ រីករាយជាមួយវាទៅ ! ។

Comments